ប្រណាំងរថយន្ត៖ កីឡាករហូឡង់របស់ក្រុម Red Bull, Max Verstappen បានពន្លាតពិន្ទុនាំមុខបន្ថែមក្នុងតារាងជើងឯកពិភពលោក ពីលើកីឡាករជើងឯកពិភពលោក ៧សម័យ Lewis Hamilton ក្រោយឈ្នះការប្រកួតនៅទីលានប្រទេសអូទ្រីស ២សប្តាហ៍ជាប់គ្នា។

Verstappen ទើបតែបានយកឈ្នះការប្រកួតនៅទីលានដដែលនេះសប្តាហ៍មុន ហើយនៅតែបន្តធ្វើបានល្អទៀត ដោយយកឈ្នះការប្រកួតយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និងការប្រកួតថ្ងៃអាទិត្យម្សិលមិញ ចេញដំណើរមុខគេតាំងពីដើមទីរហូតដល់ទីព្រ័ត្រ ៧១ជុំ។ លេខ២ ក្នុងការប្រកួតបានទៅកីឡាករហ្វាំងឡង់ Valtteri Bottas និងលេខ៣ កីឡាករអង់គ្លេស Lando Norris របស់ក្រុម McLaren រុញទំលាក់អ្នកការពារជើងឯក Lewis Hamilton នៅក្រៅវេទិកាកិត្តិយសបានត្រឹមលេខ៤។
នេះជាជ័យជំនះទីលានទី៥ ហើយសំរាប់ Max Verstappen នៅរដូវកាលនេះ និងធ្វើឱ្យអោយគេបង្កើនការនាំមុខក្នុងតារាងជើងឯកដល់ ៣២ពិន្ទុពីលើ Lewis Hamilton ខណៈលេខ៣ គឺកីឡាករម៉ិកស៊ិក Sergio Perez របស់ក្រុម Red Bull។ ទីលានបន្ទាប់ពីអូទ្រីសនេះគឺបន្តទៅទីលាន Silverstone ចក្រភពអង់គ្លេសថ្ងៃទី១៨ ខែកក្កដានេះ៕
អត្ថបទ៖នាង សុភាវុធ