ប្រជាជននៅទីក្រុង Demak កោះជ្វាភាគកណ្តាល ក្នុងប្រទេសឥណ្ឌូនេស៊ី នឹងមិនទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេស នៅថ្ងៃពុធនេះបានទេ ដោយសារតែការិយាល័យបោះឆ្នោត និងលំនៅឋានរបស់ពួកគេ ត្រូវបានជន់លិចដោយទឹកជំនន់។

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ប្រធានគណៈកម្មាធិការបោះឆ្នោត សាខាសង្កាត់ ការ៉ានហ្កានីយ៉ា(Karanganyar) លោក អាម៉េត រីហ្វៃ(Ahmad Rifai) បាននិយាយកាលពីថ្ងៃអង្គារថា ការបោះឆ្នោតត្រូវបានពន្យារពេលសម្រាប់ប្រជាជននៅទីនេះ និងភូមិនៅជុំវិញដែលទទួលរងការជន់លិចដោយទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកបោះឆ្នោតយ៉ាងហោចណាស់ ២១.០០០ នាក់ ។

ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទីបីរបស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងបី កំពុងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។
ប៉ុន្តែ នៅពេលនេះ ប្រទេសឥណ្ឌូណេស៊ី កំពុងរៀបចំការបោះឆ្នោតចំនួន៥ដាច់ដោយឡែកនៅថ្ងៃតែមួយ ដែលវាត្រូវបានចាត់ទុកថា ជាការបោះឆ្នោតតែមួយថ្ងៃធំបំផុត និងស្មុគស្មាញបំផុត នៅលើពិភពលោក។
ប្រជាជនជាង ២០០លាននាក់ ក្នុងចំណោមប្រជាជន២៧០លាននាក់ មានសិទ្ធិបោះឆ្នោត នៅក្នុងប្រទេសនេះ។