រដ្ឋាភិបាលប្រទេសជប៉ុន កំពុងពិចារណាថាតើត្រូវបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនឬយ៉ាងណា សម្រាប់ក្រុមហ៊ុនជាច្រើន ដែលនឹងជួយស្តារប្រទេសនេះឡើងវិញ។
រដ្ឋាភិបាល មានផែនការគាំទ្រដល់ការខិតខំប្រឹងប្រែងស្តារឡើងវិញរបស់វិស័យសាធារណៈ និងឯកជន។ នៅថ្ងៃចន្ទ ក្នុងទីក្រុងតូក្យូ នឹងមានការបើកសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការជំរុញការកសាងសេដ្ឋកិច្ចឡើងវិញ។

ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយចំនួន បានត្អូញត្អែរថាការរឹតត្បិតការធ្វើដំណើរនៅតែបន្ត ទៅកាន់ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវបានកំណត់ក្នុងកម្រិតខ្ពស់បំផុត កំពុងរារាំងពួកគេ មិនឱ្យធ្វើពាណិជ្ជកម្មនៅទីនោះ។

មន្ត្រីរដ្ឋាភិបាល កំពុងពិភាក្សារកវិធីបន្ធូរបន្ថយការរឹតត្បិតសម្រាប់ក្រុមហ៊ុននានាដែលជាប់ពាក់ព័ន្ធ។ មន្ត្រីភាគច្រើន មានភាពអវិជ្ជមានចំពោះការបន្ថយកម្រិតព្រមានក្នុងការធ្វើដំណើរទៅកាន់ប្រទេសនេះ ខណៈការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ ពួកគេ សង្ឃឹមថានឹងរក្សាការណែនាំអំពីការជម្លៀសខ្លួននៅពេលបច្ចុប្បន្ន។
រដ្ឋាភិបាល កំពុងពិចារណាអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនស្នាក់នៅក្នុងរយៈពេលជាក់លាក់មួយ បន្ទាប់ពីការពិនិត្យមើល ថាតើសុវត្ថិភាពរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន អាចត្រូវបានធានាដែរឬទេ។