អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) ថាសហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍ ដែលថាអ៊ីស្រាអែលបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅក្នុងសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា ក្រោមការណែនាំមួយក្នុងគោលបំណងធានាឱ្យប្រទេសនានាដែលទទួលអាវុធរបស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការយោធាស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

រដ្ឋបាលលោកប្រធានាធិបតី បៃដិន បានប្រឈមមុខនឹងការរិះគន់ចំពោះការបន្តផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល ខណៈដែលមានការចោទប្រកាន់ថា អាវុធដែលផលិតដោយអាមេរិកត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារដែលបានសម្លាប់ជនស៊ីវិល ឬបង្ករបួស។

លោក មីលឡឺ បានប្រាប់អ្នកយកព័ត៌មានថា ដំណើរការមួយកំពុងធ្វើឡើងក្រោមការណែនាំនៃការឆ្លើយតបគ្រោះថ្នាក់ជនស៊ីវិល (CHIRG) របស់ក្រសួងការបរទេសដើម្បីវាយតម្លៃឧប្បត្តិហេតុនៅក្នុងជម្លោះបច្ចុប្បន្ន។

យោងតាមលោក មីលឡឺ បានឲ្យដឹងថា ដំណើរការនោះ «មិនមានបំណងដើរតួជាយន្តការឆ្លើយតបរហ័សនោះទេ»។ លោកបានពន្យល់ថា វាត្រូវបានបង្កើតឡើងដើម្បី «វាយតម្លៃជាប្រព័ន្ធនូវឧប្បត្តិហេតុបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបង្កើតការឆ្លើយតបគោលនយោបាយសមស្រប ដើម្បីកាត់បន្ថយហានិភ័យនៃឧប្បត្តិហេតុបែបនេះដែលកើតឡើងម្តងទៀតនាពេលអនាគត»៕