ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាគម្រោង ក្នុងការកែប្រែនូវមុខមាត់រាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅកម្ពុជាឲ្យកាន់តែច្រើនឡើង និងជំរុញកំណើនសេដ្ឋកិច្ច ។

ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជធានីភ្នំពេញ ជាទីក្រុងពាក់កណ្ដាលចាស់ និងពាក់កណ្ដាលថ្មី ហើយការកែលម្អនេះ ក៏ត្រូវនាំយកអ្វីដែលថ្មី ដែលជាធាតុចូលមកពីប្រទេសផ្សេងៗមកអភិវឌ្ឍន៍ ប៉ុន្តែត្រូវថែរក្សានូវសមិទ្ធផលពីជំនាន់ចាស់ៗផងដែរ ។

ឯកឧត្តមបានបន្តថា ដោយជំហានដំបូង អាចជ្រើសរើសយកផ្លូវចំនួន ៣ខ្សែ ក្នុងនោះមានផ្លូវត្រសក់ផ្អែម ផ្លូវវេងស្រេង និងផ្លូវហាណូយ សម្រាប់ការលម្អ និងរៀបចំ ហើយអាចអនុវត្តន៍បន្តិចម្ដងៗ នៅក្នុងអាណត្តិនេះ បើទទួលបានជោគជ័យ អាចនឹងចាប់ផ្ដើមអនុវត្តន៍តាមបណ្ដាខេត្តផ្សេងៗទៀត ហើយផ្លូវដែលត្រូវកែលម្អនេះ ត្រូវមានការធ្វើចិញ្ចើម គឺត្រូវរៀបខឿនផ្លូវប្រកបដោយស្ដង់ដារ មានផ្លូវដើរបានស្រួល សម្រាប់អ្នកថ្មើរជើង...។

ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្រាប់ជាទស្សនទាន ក្នុងការស្ថាបនា និងកែលម្អផ្លូវទីក្រុងនេះ គឺជាផ្លូវមានសុវត្ថិភាព និងគុណភាពខ្ពស់, ផ្លូវមានគុណភាពធន់នឹងការប្រែប្រួលអាកាសធាតុ, កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងជាផ្លូវដែលគេអាចដើរលេងកម្សាន្ត និងជិះកង់បាន ។
ឯកឧត្តមបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ គឺមានរៀបចំឲ្យមានចំណតរថយន្ត នៅតាមទីសាធារណៈ, មានចំណតរថយន្តក្រុងសាធារណៈ, លើកកម្ពស់ជីវភាពអាជីកម្មតាមដងផ្លូវ និងមានភាពទាក់ទាញ ដោយអាចទាក់ទាញភ្ញៀវទេសចរឲ្យដើរកម្សាន្ត នៅក្នុងព្រឹត្តិការណ៍បុណ្យជាតិ និងបុណ្យផ្សេងៗ រួមទាំងការដាក់ស្លាកសញ្ញា ឬអក្សរបង្ហាញពីទីតាំងប្រវត្តិសាស្ត្រ ដើម្បីឲ្យភ្ញៀវទេសចរបានដឹងជាដើម ។

ពាក់ព័ន្ធនឹងការកែលម្អសោភ័ណភាពទីក្រុងនេះ ឯកឧត្តម សាយ សំអាល់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានស្នើទៅកាន់សហភាពអឺរ៉ុប តាមរយៈឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) មានកិច្ចសហប្រតិបត្តិការលើការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានធម្មជាតិ ដែលមានស្រាប់នៅកម្ពុជា ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលសំណង់ក្នុងស្រុក ដោយក្រសួងបាននិងកំពុងសិក្សាធាតុចូលពីបណ្តាប្រទេសដូចជា អឺរ៉ុប ជប៉ុន និងអាមេរិក ដើម្បីបង្កើតស្តង់ដារសំណង់មួយ ដែលឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ






