ក្នុងឱកាសទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដាក់តាំង និងលក់នូវបន្លែអាហារសុវត្ថិភាព សរីរាង្គ ដើម្បីផ្តល់ជូនសេចក្តីស្រឡាញ់ ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ។

ផលិតផលដែលបានដាក់តាំងបង្ហាញលក់មុខទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកនេះ រួមមាន បន្លែជាច្រើនប្រភេទ រុក្ខជាតិចម្រុះ ម្រេច ប្រហុក ស្វាយចន្ទីរ និងភេសជ្ជៈជាដើម។ បន្ថែមពីនេះក្រសួងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែ អាហារសុវត្ថិភាព និងសរីរាង្គដល់ឪពុកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នា ដែលផ្សារភ្ជាប់ក្តីស្រឡាញ់ និងសុខភាពផងដែរ។

ក្រុមអាជីករបានលើកឡើងស្រដៀងគ្នាថា ការលក់បន្លែសុវត្ថិភាពក្នុងឱកាសទិវាក្តីស្រឡាញ់នេះពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាជន ពីព្រោះពួកគេអាចទិញបន្លែល្អៗជូនអ្នកមានគុណ និងមនុស្សជាទីស្រឡាញ់ ជាពិសេសបានជួយឱ្យពួកគេទទួលបាននូវសុខភាពល្អផងដែរ។ ក្រុមអាជីករសង្ឃឹមទៀតថា នឹងមានការលក់បែបនេះនាឱកាសក្រោយៗទៀត ដើម្បីជួយដល់ប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ថ្ងៃ១៤កុម្ភៈ គឺជាថ្ងៃទិវានៃសេចក្តីស្រឡាញ់ ឬថ្ងៃ Valentine‘s Day។ ថ្ងៃនៃក្តីស្រឡាញ់ថ្ងៃនេះ មិនមែនផ្តោតសំខាន់តែទៅលើគូសង្សារប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញក្តីគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន អ្នកមានគុណ និងសាច់ញាតិមិត្តភ័ក្តិជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី












