យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ (១៤ កុម្ភៈ) នេះបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃពុធនេះបានធ្វើឡើងនៅម៉ោងប្រហែល ៩ ព្រឹក (ម៉ោងក្នុងស្រុក) នៅខាងក្រៅទីក្រុងឆ្នេរសមុទ្រភាគខាងកើត វ៉ុនសាន (Wonsan) ដែលជាការសាកល្បងអាវុធចុងក្រោយបំផុតធ្វើឡើងដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងបានរកឃើញមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ពីលើដែនទឹកភាគឦសាននៃទីក្រុង វ៉ុនសាន ប្រហែលម៉ោង ៩ព្រឹកថ្ងៃនេះ ហើយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង-អាមេរិក កំពុងធ្វើការវិភាគលម្អិត»។ ទីក្រុងព្យុងយ៉ាងមិនទាន់បញ្ជាក់ពីការអះអាងរបស់យោធាក្រុងសេអ៊ូលនៅឡើយទេ។

គួរកត់សម្គាល់ថា នៅដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងប្រព័ន្ធគ្រប់គ្រងថ្មីសម្រាប់ការបាញ់បង្ហោះរ៉ូកែតច្រើនគ្រាប់ ដែលនឹងមានតួនាទី «ខ្លាំងជាមុន» ក្នុងសមរភូមិ។ ក្រុមអ្នកជំនាញជឿថា ការបាញ់បង្ហោះមីស៊ីលថ្មីនេះអាចត្រូវបានធ្វើឡើងដោយប្រើប្រព័ន្ធដែលកូរ៉េខាងជើងទើបតែបង្កើតនោះ៕