ប្រភពរុស្ស៊ី ចំនួនបីដែលមានចំណេះដឹងអំពីការពិភាក្សាបានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្ដល់យោបល់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ស្ដីពីបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីបង្កកសង្រ្គាម ត្រូវបានបដិសេធដោយសហរដ្ឋអាមេរិក បន្ទាប់ពីទំនាក់ទំនងរវាងអន្តរការី។

ការបរាជ័យនៃវិធីសាស្រ្តរបស់លោក ពូទីន បានជំរុញទៅក្នុងឆ្នាំទី៣ នៃជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ហើយបង្ហាញឱ្យឃើញថាប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីររបស់ពិភពលោកនេះនៅតែមិនត្រូវគ្នា។

ប្រភពរុស្ស៊ីដដែលនោះបាននិយាយថា លោកពូទីន បានបញ្ជូនសញ្ញាទៅទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០២៣ ជាសាធារណៈ និងឯកជនតាមរយៈអន្តរការី រួមទាំងតាមរយៈដៃគូអារ៉ាប់ របស់ទីក្រុងមូស្គូ នៅមជ្ឈិមបូព៌ា និងផ្សេងៗទៀតថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិចារណាបទឈប់បាញ់នៅអ៊ុយក្រែន។
លោក ពូទីន បានស្នើឱ្យបង្កកជម្លោះនៅសមរភូមិមុខបច្ចុប្បន្ន ហើយមិនចង់បោះបង់ទឹកដីអ៊ុយក្រែនណាមួយដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ ប៉ុន្តែសញ្ញានេះបានផ្តល់នូវអ្វីដែលអ្នកមួយចំនួននៅក្នុងវិមានក្រឹមឡាំងមើលឃើញថា ជាផ្លូវដ៏ល្អបំផុតឆ្ពោះទៅរកសន្តិភាពមួយរយៈ៕