កងកម្លាំងការពារអ៊ីស្រាអែល (IDF)កាលពីថ្ងៃអង្គារ បានចែករំលែកវីដេអូរបស់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា ( Yahya Sinwar) រត់គេចខ្លួនតាមរយៈបណ្តាញផ្លូវរូងក្រោមដីមួយ នៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនទទួលបានវីដេអូនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីអង្គភាពពិសេស បានរកឃើញផ្លូវរូងក្រោមដីដែលមានជម្រៅរាប់សិបម៉ែត្រ នៅក្រោមដីក្នុងតំបន់ ខាន់យូនីស (Khan Yunis) នៃតំបន់ហ្កាហ្សាស្ទ្រីប។

អង្គភាពពិសេស បានរកឃើញវីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហាម៉ាសដែលបានដំឡើង នៅក្នុងផ្លូវរូងក្រោមដី។ វីដេអូនោះ បង្ហាញពីលោកស៊ីនវ៉ា រត់គេចខ្លួនជាមួយកូនៗ និងប្រពន្ធរបស់ខ្លួនតាមរយៈបណ្តាញផ្លូវរូងក្រោមដី ដែលដឹកនាំដោយបងប្រុសរបស់លោក គឺ លោក អ៊ីប្រាហ៊ីម ស៊ីនវ៉ា( Ibrahim Sinwar)។
កងកម្លាំងការពារនេះ បាននិយាយថា គ្រួសារនេះ បានរត់គេចខ្លួនទៅកន្លែងសុវត្ថិភាពមួយដែលក្រុមហាម៉ាស បានសាងសង់រួចជាស្រេច។

វីដេអូនេះ ត្រូវបានថតកាលពីថ្ងៃទី ១០ ខែតុលា ត្រឹមតែបីថ្ងៃ បន្ទាប់ពីក្រុមហាម៉ាស បានវាយលុកចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងជាង ២៤០ នាក់ផ្សេងទៀត បានរងរបួស។