ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ប្រឆាំងនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វមួយចំនួនដែលត្រូវបានចោទប្រកាន់ពីបទហិង្សាផ្នែកនយោបាយ បាននាំមកនូវការធូរស្រាលតិចតួចដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង(West Bank) ដែលនិយាយថា ការវាយប្រហារ នៅតែបន្តកើតមាន ដោយមានកងកម្លាំងសន្តិសុខអ៊ីស្រាអែលឈរនៅក្បែរ ឬចូលរួម។

នៅក្នុងភូមិកំពូលភ្នំមួយ រថយន្តដែលឆេះ និងផ្ទះមួយខ្នងឆេះគ្មានសល់ អ្នកស្រុកបានពិពណ៌នាថា ជាការវាយប្រហារកាលពីល្ងាចថ្ងៃចន្ទ ដែលពាក់ព័ន្ធនឹងបុរសពី ២០ ទៅ ៣០នាក់ មកពីការតាំងទីលំនៅក្បែរនោះ។

កងទ័ពអ៊ីស្រាអែល បានពណ៌នាឧបទ្ទវហេតុនៅភូមិអាស៊ីរ៉ា អាល់ គីប៊ីលីយ៉ា (Asira al-Qibiliya)ថា ជា «កុបកម្ម» ដោយជនជាតិប៉ាឡេស្ទីន និងអ្នកតាំងលំនៅ ក្នុងអំឡុងពេលដែលកងទ័ព បានបាញ់ទៅលើអ្នកគប់ដុំថ្ម។ ជនជាតិប៉ាឡេស្ទីនពីរនាក់ បានរងរបួសដោយគ្រាប់កាំភ្លើង។ មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួស ឬការចាប់ខ្លួនក្នុងចំណោមអ្នកតាំងលំនៅនោះទេ ទោះបីជាកងទ័ព បានទទួលស្គាល់ថា អ្នកខ្លះ បានដុតបំផ្លាញក៏ដោយ។

អ្នកភូមិឈ្មោះ អាប់ឌុល បាស៊ីទី អាប់ឌុល រ៉ាម៉ាន ( Abdul Basiti Abdul Rahman) បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងបានគិតថា កងទ័ពនឹងរុញពួកគេ (អ្នកតាំងលំនៅ) ឲ្យឆ្ងាយ ប៉ុន្តែយើងមានការភ្ញាក់ផ្អើលដែលឃើញពួកគេ ចូលមកយ៉ាងច្រើននោះ។