យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតសកលរបស់ប្រទេសបានឲ្យដឹងថា ដំណើរការបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា និងប្រធានាធិបតី ក្នុងពេលដំណាលគ្នារបស់ប្រទេសឥណ្ដូនេស៊ី បានបញ្ចប់នៅថ្ងៃពុធនេះ នៅម៉ោង១ថ្ងៃត្រង់ ម៉ោងក្នុងតំបន់ ហើយការរាប់សន្លឹកឆ្នោត បានចាប់ផ្តើម។

បទបញ្ញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសកលឆ្នាំ២០១៩ នៅចំណុចទី៣ បានចែងថា ការបោះឆ្នោត ចាប់ផ្តើមនៅម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ និងមានរយៈពេលរហូតដល់ម៉ោង១ថ្ងៃត្រង់ ហើយ រីឯដំណើរការរាប់សន្លឹកឆ្នោត ចាប់ផ្តើមនៅពេលដំណាលគ្នាខណៈការបោះឆ្នោតត្រូវបានបិទ។

យោងតាមបទបញ្ញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសកល មានអ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងបញ្ជី មានជាង២០៤លាននាក់ សម្រាប់ការបោះឆ្នោតសកលនេះ ដែលមានប្រហែល៥៣ភាគរយ នៃអ្នកទាំងឡាយដែលមានអាយុក្រោម ៤០ឆ្នាំ។
ការរាប់សន្លឹកឆ្នោតរហ័សក្រៅផ្លូវការ ត្រូវបានធ្វើឡើងដោយអ្នកបោះឆ្នោតប្រជាមតិ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហើយលទ្ធផល ត្រូវបានគេរំពឹងថា នឹងចេញនៅពេលបន្ទាប់ពីថ្ងៃនេះ។