កសិករឥណ្ឌា ដែលកំពុងព្យាយាមហែរក្បួនតវ៉ាចូលទៅកាន់រដ្ឋធានីញូវដែលី បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅថ្ងៃពុធ (១៤ កុម្ភៈ) នេះ ដែលជាថ្ងៃទីពីរនៃការតវ៉ា ខណៈយានដ្រូនជាច្រើនគ្រឿងត្រូវបានប្រើដើម្បីទម្លាក់គ្រាប់ផ្លោងឧស្ម័នបង្ហូរទឹកភ្នែក។

កសិកររាប់រយនាក់ ធ្វើដំណើរតាមឡានដឹកទំនិញ និងរទេះរុញដែលផ្ទុកដោយអាហារ ពូក និងការផ្គត់ផ្គង់ផ្សេងៗទៀត បានចាប់ផ្តើមដើរក្បួនឆ្ពោះទៅកាន់ទីក្រុងដេលី កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សារវាងសហជីពរបស់ពួកគេ និងរដ្ឋាភិបាលមិនបានផ្តល់ការប្តេជ្ញាចិត្តទាក់ទងនឹងតម្លៃអប្បបរមាសម្រាប់ដំណាំ។
ក្រុមអ្នកតវ៉ាត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខនៅព្រំដែន សាមប៊ូ (Shambhu) ដែលខណ្ឌចែករដ្ឋ ផុនចាប (Punjab) និងរដ្ឋ ហាយ៉ាណា (Haryana) ជារដ្ឋភាគខាងជើងដែលអ្នកតវ៉ាភាគច្រើនមកពីទីនោះ ដែលមានចំងាយជិត ២០០ គីឡូម៉ែត្រពីគោលដៅរបស់ពួកគេ។

កសិករនិយាយថា រដ្ឋាភិបាលបានបរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងឆ្នាំ២០២១ នៃការចំណាយប្រាក់បន្ថែមសម្រាប់ដំណាំ។ ការតវ៉ាចុងក្រោយនេះកើតឡើងស្របពេលនឹងប្រទេសកំពុងឈានដល់ការបោះឆ្នោតជាតិក្នុងពេលជាច្រើនខែខាងមុខ ដែលលោកនាយករដ្ឋមន្រ្តី ម៉ូឌី (Modi) នឹងស្វះស្វែងរកអាណត្តិទីបីបន្តទៀត៕