ភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-វៀតណាម ដែលជាប្រទេសភូមិផង កំពុងមាននិន្នាការកើនឡើង ជាក់ស្តែងក្នុងខែដំបូងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៦៧៧ លានដុល្លារអាមេរិក កើនឡើង ៤១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសវៀតណាម ដែលប្រទេសជិតខាង នៅក្នុងរយៈពេលប៉ុន្មាន ខែមកនេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនកើនឡើងជាលំដាប់ ជាពិសេសការនាំចេញមុខទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារ វៀតណាម កំពុងនិន្នាការកើនឡើងគួរឲ្យគត់សម្គាល់។
ជាក់ស្តែងការធ្វើពាណិជ្ជកម្មទ្វេររវាងប្រទេសទាំងពីរ ក្នុងខែដំបូង ដើមឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦៧៧ លានដុល្លារអាមេរិក បានកើនឡើងជាង ៤១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣៧៣ លានដុល្លារអាមេរិក កើនឡើងជាង ១១៦ ភាគរយ ខណៈការនាំចូលពីប្រទេសវៀតណាម មានចំនួនត្រឹមជាង ៣០០ លានដុល្លារអាមេរិក បានធ្លាក់ចុះជិត ១ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣។
ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមនេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាជំរុញអនុវត្តការងារនេះបានមួយចំនួនហើយដូចជា ការទាក់ទាញ FBI ជាដើម ដែលនេះជាកិច្ចដ៏សំខាន់របស់កម្ពុជា នឹងនៅចំពោះមុខ, រាជរដ្ឋាភិបាលគួរសិក្សាបន្ថែមទៀត នៅលើអាទិភាពមុខទំនិញផ្សេងៗ ដើម្បីជំរុញការនាំចេញទំនិញរបស់កម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ជាង ៦ ៥០០ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញ មានចំនួនជិត ៣ ០០០ លានដុល្លារ ខណៈការនាំចូលពីវៀតណាម មានចំនួនជាង ៣ ៦០០ លានដុល្លារ៕
អត្ថបទ៖ សុន រ៉ាឌី



