ភ្នំពេញ ៖ បុរសជនដែលបាននិពន្ធរឿង និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ត្រូវបានសមត្ថកិច្ចធ្វើការបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។
ជនសង្ស័យមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស អាយុជាង៣០ឆ្នាំ ។ ជនសង្ស័យកំពុងស្ថិតក្រោមការបន្តនីតិវិធីរបស់តុលាការ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយនោះទេ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យរូបនេះ ជាម្នាក់ក្នុងចំណោមបក្សពួកដែលកំពុងរត់គេច ដែលបានចូលរួមក្នុងការរៀបចំផែនការណ៍បង្កើតព្រឹត្តិការណ៍ ពិសេសបង្កើតគ្រុបតេឡេេក្រាមក្លែងក្លាយប្តឹងនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅស្តុបក្តាន់២ ដែលយកតួអង្គ អាខោនឈ្មោះ គង់ ម៉ូលីកា ជាគណនេយ្យអាខោនក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានចោទប្រកាន់មួលបង្កាច់បង្ខូចសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ។
អ្នកនាំពាក្យនគរបាល បានបន្តថា ៖ សមត្ថកិច្ចមិនទាន់អាចកំណត់បាន១០០ភាគរយថា ក្រុមជនសង្ស័យធ្វើឡើងក្នុងគោលដៅអ្វីឱ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែ អាចមានការពាក់ព័ន្ធនឹងការធ្លាប់មានទំនាស់អ្វីមួយជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ដែលប្រចាំការនៅស្តុបក្តាន់២នោះ ។
គួររំលឹកថា កាលពីវេលាយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ម្សិលមិញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោក ដោយបានបង្ហាញមុខ ជនដែលប្រឌិតរឿងខាងលើ ដោយសរសេរភ្ជាប់ខ្លឹមសារ អំពីជនដែលនោះថា ជាអ្នកនិពន្ឋរឿងធ្វើម៉ូលីកា ធ្វើឱ្យល្បី និងក៌ជាតួស្រីម៉ូលីកា ហើយ ក៌ជាជនស៊ីវិល ផងដែរ ។
រឿងរ៉ាវនេះ មុនពេលដែលសមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មានទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនេយ្យក្លែងក្លាយ ដោយភ្ជាប់នារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ មូលីកា ខាងលើ ៕ អត្ថបទ ៖ លីហេង







