បាត់ដំបង ៖ រដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបងបានទាត់ចោលចំពោះការលើកឡើងរបស់អាខោនហ្វេសបុកមួយមានឈ្មោះPen Duong ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថារដ្ឋបាលស្រុកមោងឫស្សីកំពុងលុបបឹង ធម្មជាតិមួយកន្លែង(បឹងអន្លូសដូង)ខណៈពេលដែលអាជ្ញាធរបានកំពុងធ្វើការសា្តបឹងនេះឡើងវិញបន្ទាប់ពីដីដុះកាន់តែរាក់ទៅៗនោះ។
លោក បឿន សុវណ្ណ អភិបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីកន្លងទៅថ្មីៗ នេះមានអាខោនហ្វេសបុកមួយ ដែលមានឈ្មោះPen Duong បានយករូបភាពផ្សេងមកបង្ហោះ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយលើកឡើងថា«ជួយshareទាំងអស់គ្នាផងបឹងធម្មជាតិមួយកន្លែង(បឹងអន្លួសដូង) ឋិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងត្រូវបានលុប ដោយគ្មានមូលហេតុច្បាស់លាស់ ក្នុងគោលបំណងអភិវឌ្ឍន៍លើអ្វី ជួយshare ទាំងអស់គ្នាដើម្បីឲ្យមានការបំភ្លឺ និងចូលរួមថែរក្សា»។
លោក បឿន សុវណ្ណ បានលើកឡើងថា ការលើកឡើងរបស់បុគ្គលខាងលើនេះគឺមិនមែនជាការពិត នោះឡើយ ដោយលោកបានបញ្ជាក់ថា បឹងអន្លូងដូង ជាអាងស្តុកទឹកដែលបន្សល់ទុក ពីសម័យប៉ុល ពត ស្ថិតនៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយរដ្ឋបាលឃុំរបស់មង្គលបានខិត ខំអភិរក្សថែរក្សាទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ខណៈដែលបឹងនេះជាអាងចាស់ ហើយចាប់ផ្តើមមានសភាពគោករាក់បន្តិចម្តងៗ។ បន្ទាប់ពីមើលឃើញសភាពគោកបែបនេះ ក្រុម ប្រឹក្សាឃុំរបស់មង្គលបានឯកភាពគ្នា អនុម័ត ប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីស្តាឡើងវិញ សម្រាប់ តម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងជាដើម។
យ៉ាងណាក៏ដោយលោក បឿន សុវណ្ណ បានលើកឡើងថា ការផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសបុករបស់បុគ្គលPen Duongនេះ គឺពិតជាមានចេតនាមូលបង្កាច់ និងបង្កើតព័ត៌មានមិនពិត ដែលធ្វើ ឲុ្យមានការយល់ច្រឡំ ធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកមោងឫស្សី យ៉ាងធ្ងន់ធ្ងរបំផុង ដូច្នេះលោកសូមធ្វើការអំពាវនាវដល់បុគ្គលខាងលើនេះ ធ្វើការកែតម្រូវជាបន្ទាន់ និងធ្វើការសូមទោសជាសាធារណៈផងដែរ៕ អត្ថបទ ៖ បាន ចក់












