
យោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងកោះហៅមនុស្សវ័យក្មេងមកបម្រើយោធាជាកាតព្វកិច្ចចាប់ពីខែមេសា ខាងមុខនេះហើយក៏តម្រូវឱ្យបុគ្គលិកសន្តិសុខចូលនិវត្តន៍ចូលបម្រើការផងដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបបយោធា ខណៈដែលកងទ័ពកំពុងជួបការលំបាកដើម្បីបង្ក្រាបការបះបោរប្រឆាំងរបបយោធា។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ហើយផែនការរបស់របបសឹកក្នុងការហៅមនុស្សបន្ថែមទៀតដើម្បីប្រយុទ្ធ បង្ហាញថាយោធាកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានប្រកាសច្បាប់គ្រប់គ្រងយោធាកាតព្វកិច្ច ដែលនឹងត្រូវអនុវត្តសម្រាប់បុរសអាយុពី ១៨ ឆ្នាំទៅ ៣៥ ឆ្នាំ និងស្ត្រីអាយុពី ១៨ ឆ្នាំទៅ ២៧ ឆ្នាំ ដោយត្រូវបម្រើការរហូតដល់ ២ ឆ្នាំ។
អ្នកនាំពាក្យរបបសឹកលោក ស មីនទុន (Zaw Min Tun) មិនបានអត្ថាធិប្បាយលម្អិតលើបញ្ហានេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV បានដកស្រង់សម្តីលោកថា សមាជិកចូលនិវត្តន៍នៃកងកម្លាំងសន្តិសុខដែលបានចាកចេញក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក៏នឹងត្រូវត្រឡប់ទៅបម្រើកងទ័ពផងដែរ៕