
ការវាយប្រហារដ៏ខ្លាំងក្លារបស់កងទ័ពអ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា (Rafah) និងតំបន់នៅជុំវិញហ្កាហ្សាស្រ្ទីប ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបណ្តាលឱ្យមានអ្នកស្លាប់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលធ្វើឲ្យអ្នកស្រុក ត្រូវលងបន្លាចដោយភាពភ័យខ្លាច ប៉ុន្តែត្រូវជាប់គាំងដោយគ្មានកន្លែងដើម្បីត្រូវរត់រកជីវិតទៀតនោះទេ។
កងកម្លាំងការពារអ៊ីស្រាអែលបានវាយឆ្មក់ទីក្រុង រ៉ាហ្វា កាលពីព្រឹកថ្ងៃច័ន្ទ ហើយបានជួយសង្គ្រោះចំណាប់ថ្នូរអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។ ការវាយឆ្មក់នេះបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់រយនាក់ទៀតរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សា។
អ្នកក្រុងរ៉ាហ្វា បាននិយាយថាមុនពេលជម្លោះផ្ទុះឡើង គ្រួសាររបស់ពួកគេរស់នៅយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែសង្រ្គាមបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ហើយភាពភ័យខ្លាចលងបន្លាចពួកគេរាល់ថ្ងៃ តែមិនអាចរត់ទៅណាបានព្រោះមិនមានកន្លែងត្រូវទៅ។
លំនៅឋានជិតខាងចំនួនពីរខ្នងត្រូវបានបំផ្ទុះក្នុងរយៈពេល ១០ នាទីដោយបានសម្លាប់អ្នកជិតខាងរបស់ពួកគេ និងជនភៀសខ្លួន ២៤ នាក់ដែលនៅក្បែរនោះ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាមក ប្រហែលពាក់កណ្តាលនៃអ្នកស្រុកបានភៀសខ្លួនទៅកាន់ទីក្រុងរ៉ាហ្វា ដែលនៅជាប់នឹងប្រទេសអេហ្ស៊ីប ដើម្បីជ្រកកោនគេចពីការប្រយុទ្ធ៕