
មេដឹកនាំក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែនលោក Abdul Malik al-Houthi និយាយកាលពីថ្ងៃអង្គារថា ក្រុមជីវពលរបស់លោកអាចការពារនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែលពីការធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រអាដែន កាលពីសប្តាហ៍មុន ។
លោក al-Houthi និយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ថា គ្មានអ៊ីស្រាអែលណាអាចការពារការឆ្លងកាត់ និងបំលាស់ទីនាវារបស់ពួកគេបានឡើយ នៅច្រកសមុទ្រ Bab al-Mandab ឬគ្មានអាមេរិក និងអង់គ្លេសណា សម្រេចបានជោគជ័យក្នុងការអនុញ្ញាតឲ្យនាវាធ្វើដំណើរឆ្លងកាត់បាននោះទេ ។ នេះជាបរាជ័យរបស់ពួកគេ និងជាជោគជ័យរបស់ប្រទេសពួកយើង ។
ក្រុមឧទ្ទាមហ៊ូធីដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន បានវាយប្រហារម្តងហើយម្តងទៀតលើនាវាពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិការហូតមក ។ គោលដៅរបស់ពួកគេ គឺជានាវាពាណិជ្ជកម្មដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អង់គ្លេស ឬអ៊ីស្រាអែល ។
ក្រុមឧទ្ទាមហ៊ូធី និយាយថា ពួកគេមានគោលដៅលើការដឹកជញ្ជូន ជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ជុំវិញសង្រ្គាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្រ្ទីប ។
ការវាយប្រហាររបស់ពួកគេ បានបង្ខំឲ្យក្រុមហ៊ុនជាច្រើនបញ្ឈប់ការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងជ្រើសរើសផ្លូវឆ្ងាយ និងចំណាយថវិការច្រើនជាងមុន ជុំវិញទ្វីបអាហ្រ្វិក ហើយនាវាចម្បាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានសងសឹកជាមួយនឹងការវាយប្រហារតាមច្រកអាកាសនៅទូទាំងប្រទេសយេម៉ែន ៕