
ប្រមុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ) បានព្រមានថា ភាពវឹកវរនៃអាកាសធាតុ និងវិបត្តិស្បៀងអាហារកំពុងបង្កើនការគំរាមកំហែងដល់សន្តិភាពពិភពលោក ដោយប្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់ UN ថា គ្រោះមហន្តរាយអាកាសធាតុបង្កហានិភ័យដល់ផលិតកម្មអាហារ ហើយ «ពោះទទេស្អាត ជំរុញឲ្យមានចលាចលកើតឡើងជាមិនខាន»។
អគ្គលេខាធិការ លោក Antonio Guterres បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយផលប៉ះពាល់ពីការខ្វះខាតស្បៀងអាហារ និងការកើនឡើងនៃសីតុណ្ហភាព ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ជាទស្សនៈវិស័យមួយដែលត្រូវបានបន្ទរដោយប្រទេសជាច្រើន តែមិនមែនរុស្ស៊ីនោះទេ។
លោកអគ្គលេខាធិការបាននិយាយថា៖ «អាកាសធាតុ និងជម្លោះ គឺជាកត្តាជំរុញដ៏ធំជាងគេចំនួន២ នៃវិបត្តិស្បៀងអាហារពិភពលោក (របស់យើង)។ ទីណាមានសង្រ្គាមផ្ទុះឡើង ទីនោះភាពអត់ឃ្លានក៏កើតមានយ៉ាងលើសលប់ដែរ មិនថាដោយសារតែការផ្លាស់ទីលំនៅរបស់មនុស្ស ការបំផ្លិចបំផ្លាញកសិកម្ម ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ឬគោលនយោបាយបដិសេធដោយចេតនានោះឡើយ»។
លោកបានបន្តថា៖ «ទន្ទឹមនឹងនេះ ភាពវឹកវរនៃអាកាសធាតុកំពុងរបង្កហានិភ័យដល់ផលិតកម្មអាហារ នៅជុំវិញពិភពលោក»។ លោក Guterres បាននិយាយថា ពិភពលោកកំពុងពោរពេញទៅដោយគូរូនៃ «ទំនាក់ទំនងបំផ្លិចបំផ្លាញ រវាងភាពអត់ឃ្លាន និងជម្លោះ»។
លោកបានបញ្ជាក់បន្ថែមថា នៅតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម គ្មាននរណាម្នាក់មានអាហារបរិភោគគ្រប់គ្រាន់ទេ ហើយដែនដីដ៏តូចនេះ មានចំនួន ៨០ភាគរយនៃប្រជាជន ៧០០.០០០នាក់ ដែលជួបនឹងការស្រេកឃ្លានបំផុត នៅលើពិភពលោក។ លោកបានប្រាប់ថា បន្ទាប់ពីសង្គ្រាមជាង ១ទសវត្សរ៍ នៅស៊ីរី ប្រជាជនស៊ីរី ១៣លាននាក់ ចូលគេងដោយភាពស្រេកឃ្លានជារៀងរាល់យប់។ ហើយនៅក្នុងសហភាពមីយ៉ាន់ម៉ា លោកបានលើកឡើងថា ក្ដីរំពឹងក្នុងការបញ្ចប់ភាពអត់ឃ្លាន បានដើរបញ្ច្រាស ដោយសារតែជម្លោះ និងអស្ថិរភាព៕