
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការបរទេសរបស់ប្រទេសនេះថា រុស្ស៊ីបានផ្អាកការទូទាត់ប្រចាំឆ្នាំដល់ក្រុមប្រឹក្សាអាកទិក (Arctic Council) រហូតដល់ «ការងារជាក់ស្ដែង» ចាប់ផ្តើមឡើងវិញ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំងអស់។
ក្រសួងបានប្រាប់សារព័ត៌មាន RIA ថា៖ «នៅពេលនេះការបង់ប្រាក់របស់រុស្ស៊ីក្នុងការរួមចំណែកប្រចាំឆ្នាំចំពោះថវិការបស់ក្រុមប្រឹក្សាអាកទិក ត្រូវបានផ្អាករហូតដល់មានការចាប់ផ្ដើមឡើងវិញនូវការងារជាក់ស្ដែង ក្នុងអង្គការនេះ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំងអស់»។
កិច្ចសហប្រតិបត្តិការ រវាងរដ្ឋអាកទិកខាងលិចនៃស្ថាប័នអន្តររដ្ឋាភិបាល និងទីក្រុងមូស្គូ បានជាប់គាំងបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែនកាលពី ២ឆ្នាំមុន។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាកទិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីពិភាក្សាអំពីបញ្ហាដែលប៉ះពាល់ដល់តំបន់ប៉ូល ដោយរាប់ចាប់ពីការបង្កកខ្វក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ រហូតដល់បេសកកម្មស្វែងរក និងជួយសង្គ្រោះ។
ការងាររបស់ក្រុមប្រឹក្សាដែលរួមមានរដ្ឋចំនួន៨ នៃតំបន់អាក់ទិក ហ្វាំងឡង់ ន័រវ៉ែស អ៊ីស្លង់ ស៊ុយអែត រុស្ស៊ី ដាណឺម៉ាក កាណាដា និងសហរដ្ឋអាមេរិកនាពេលកន្លងមក បានបង្កើតកិច្ចព្រមព្រៀងជាប់កាតព្វកិច្ច ជុំវិញការការពារ និងការអភិរក្សបរិស្ថាន៕