វាយកូនគោល៖ កីឡាករវាយកូនគោលអូស្ត្រាលី Cam Davis បានស្គាល់រសជាតិជើងឯកក្នុងក្របខណ្ឌ PGA Tour លើកដំបូងក្រោយឈ្នះជើងឯកកម្មវិធី Mortgage Classic នៅទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។

កីឡាករវ័យ ២៦ឆ្នាំរូបនេះធ្វើបាន ៥អាន់ឌើផានៅថ្ងៃចុងក្រោយ និងបញ្ចប់ដោយមានសរុប ១៨អាន់ឌើផា។ តែពិន្ទុនេះគឺស្មើនឹងកីឡាករអាមេរិក Troy Merritt និងកីឡាករស៊ីលី Joaquin Niemann ដែលអ្នកទាំងពីរនេះធ្វើបាន ៤អាន់ឌើផាដូចគ្នាថ្ងៃចុងក្រោយដើម្បីបញ្ចប់ ១៨អាន់ឌើផា។ ការប្រកួតបន្ថែមឡូកាត់សេចក្តីរកជើងឯក Cam Davis ធ្វើបានល្អជាងគេជាពិសេសគឺនៅឡូទី៥ ដើម្បីយកឈ្នះការប្រកួតនេះតែម្តង។
អ្នកលេខ៤ ក្នុងកម្មវិធីបានទៅកីឡាករស៊ុយអែត Alex Noren និងកីឡាករម្ចាស់ស្រុក Hank Lebioda ដែលធ្វើបាន ១៧អាន់ឌើផាដូចគ្នាតាមពីក្រោយដោយ Bobba Watson និង Brandon Hagy ធ្វើបាន ១៦អាន់ឌើផា។ Cam Davis គ្រងជើងឯកកម្មវិធី Mortgage Classic នេះទទួលបានប្រាក់រង្វាន់ ១លាន ៣៥ម៉ឺនដុល្លារអាមេរិក និងជើងឯករង ២នាក់ Troy Merritt និង Joaquin Niemann ទទួលបានម្នាក់ ៦៦ម៉ឺន ៧ពាន់ ៥រយដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ