
មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យយោធាហើយ កាលពីថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ) ហើយលោកនឹងចូលរួមកិច្ចប្រជុំនិម្មិតដែលទាក់ទងនឹងបញ្ហាអ៊ុយក្រែន នៅថ្ងៃបន្ទាប់ ខណៈដែលប្រធានមន្ទីរបញ្ចកោណរូបនេះ មិនទាន់បានប្រសើរឡើងទាំងស្រុងនោះទេ បន្ទាប់ពីវះកាត់មហារីកក្រពេញប៉្រូស្តាត។
នេះជាលើកទី២ ក្នុងឆ្នាំ២០២៤ ដែលលោក Austin វ័យ ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយលើកនេះ ត្រូវដោះស្រាយព្យាបាលបញ្ហាប្លោកនោម ចាប់តាំងពីការវះកាត់ក្នុងខែធ្នូ ដើម្បីព្យាបាលជំងឺមហារីកក្រពេញប៉្រូស្តាត។
លោកបានបង្កឲ្យមានភាពចលាចលនយោបាយ ក្នុងខែមករា ឆ្នាំ២០២៤ បន្ទាប់ពីខកខានមិនបានបង្ហាញពីការវះកាត់របស់លោកទៅកាន់សេតវិមាន ក៏ដូចជាការចូលមន្ទីរពេទ្យជាបន្តបន្ទាប់ ក្នុងខែមករានោះ ដើម្បីដោះស្រាយជាមួយនឹងផលវិបាករបស់ជំងឺនេះ។ សូម្បីតែប្រធានាធិបតីលោក Joe Biden ក៏មិនបានដឹងថា លោក Austin ស្ថិតនៅក្នុងមន្ទីរពេទ្យ រហូតដល់ប៉ុន្មានថ្ងៃក្រោយមក។
មន្ទីរបញ្ចកោណបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Austin ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ កាលរសៀលថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ) ហើយ «បានបន្តតួនាទី និងភារកិច្ចរបស់លោកទាំងស្រុងឡើងវិញ»។ តាមការណែនាំរបស់វេជ្ជបណ្ឌិត លោកនឹងត្រូវធ្វើការពីគេហដ្ឋាន មុនពេលត្រឡប់ទៅមន្ទីរបញ្ចកោណវិញនៅចុងសប្តាហ៍នេះ។ វេជ្ជបណ្ឌិតរបស់លោកបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកត្រូវបានរំពឹងថា នឹងជាសះស្បើយទាំងស្រុង៕