
អតីតសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យលោក Tom Suozzi បានឈ្នះការបោះឆ្នោតសភាតំណាងរាស្រ្តអាមេរិកពិសេស នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ) ដោយកាត់បន្ថយនូវសំឡេងភាគច្រើនដ៏តិចតួចរួចហើយរបស់គណបក្សសាធារណរដ្ឋ ដែលបានជួបនឹងការពិបាកក្នុងការអនុម័តច្បាប់។
អាសនៈនេះនៅទំនេរបន្ទាប់ពីសភាបានចាត់វិធានការពិសេស ក្នុងការដកលោក George Santos មកពីគណបក្សសាធារណរដ្ឋ ដែលកុហកអំពីជីវប្រវត្តិរបស់លោក រហូតនាំឲ្យមានការចោទប្រកាន់ពីការក្លែងបន្លំ។
លោក Suozzi ដែលបានទទួលបានអាសនៈមុនពេលចុះចេញពីតំណែងទៅឈរឈ្មោះជាអភិបាលក្រុងនោះ បានយកឈ្នះលោកស្រី Mazi Pilip សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលមានដើមកំណើតជាជនជាតិអេត្យូពី និងដែលបានបម្រើការក្នុងយោធាអ៊ីស្រាអែល។
ជ័យជម្នះនេះបានកាត់បន្ថយសំឡេងភាគច្រើនរបស់ប្រធានសភាលោក Mike Johnson មកត្រឹម ២១៩ ទល់នឹង២១៣សំឡេង ដែលធ្វើឲ្យការងាររបស់លោក ក្នុងការដឹកនាំការប្រជុំដែលពិបាកគ្រប់គ្រងនោះ ជួបនឹងការលំបាកបន្តិច។ បញ្ហាប្រឈមរបស់លោកត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ កាលពីសប្តាហ៍មុន នៅពេលដែលសភាខកខានមិនអាចផ្ដល់ការយល់ព្រមលើវិធានការ ដើម្បីចោទប្រកាន់មន្ត្រីព្រំដែនជាន់ខ្ពស់របស់ប្រធានាធិបតីលោក Joe Biden គឺលោក Alejandro Mayorkas ដែលជាការរារាំងដ៏គួរឲ្យអាម៉ាស់មួយ៕