
ប្រធានប្រតិបត្តិការកងទ័ពជើងទឹករបស់អាល្លឺម៉ង់ លោក ចាន់ គ្រីស្ទៀន កាអេក (Jan Christian Kaack) ជឿជាក់ថា នាវាចម្បាំង «Hessen» ត្រូវបានបំពាក់យ៉ាងល្អ ដើម្បីចូលរួមក្នុងបេសកកម្មយោធារបស់សហភាពអឺរ៉ុប ដើម្បីការពារការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមហ៊ួទី។
លោកកាអេក បានប្រាប់សារព័ត៌មាន dpa នៅទីក្រុងប៊ែរឡាំងថា ប្រព័ន្ធអាវុធបន្ថែម ត្រូវបាននាំយកមកលើនាវា ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បេសកកម្មបែបនេះ។
លោកបានថ្លែងថា៖«អ្វីគ្រប់យ៉ាងដែលគំរាមកំហែងយើង គឺមានគ្រោះថ្នាក់។ យើងនឹងមិនជ្រកកោនក្នុងអារម្មណ៍នៃឧត្តមភាពនោះទេ ប៉ុន្តែយើងបានរៀបចំយ៉ាងល្អ ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង» ។
នាវា «Hessen»មានប្រវែង ១៤៣ម៉ែត្រ បានចេញដំណើរពីកំពង់ផែ Wilhelmshaven នៅលើឆ្នេរសមុទ្រខាងជើងឆ្ពោះទៅសមុទ្រក្រហម នៅព្រឹកថ្ងៃព្រហស្បតិ៍។
បេសកកម្មដែលមានឈ្មោះថា Operation Aspides ពាក់ព័ន្ធនឹងការដាក់ពង្រាយនាវាចម្បាំងអ៊ឺរ៉ុប និងប្រព័ន្ធព្រមានជាមុននៅលើអាកាស ដើម្បីការពារនាវាដឹកទំនិញនៅក្នុងសមុទ្រក្រហម ឈូងសមុទ្រ Aden និងដែនទឹកជុំវិញនោះ។