
យោធារបស់ទីក្រុងគីវ បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានបំផ្លាញនាវាចូលចតដ៏ធំ Tsezar Kunikov របស់កងទ័ពជើងទឹករុស្ស៊ីចេញពីឧបទ្វីបគ្រីម៉េនៅសមុទ្រខ្មៅ កាលពីថ្ងៃពុធ។
សារព័ត៌មានអ៊ុយក្រែនមួយ បានចេញផ្សាយវីដេអូជាច្រើនដែលបង្ហាញពីផ្សែងហុយចេញពីខាងលើឆ្នេរសមុទ្រភាគខាងត្បូងនៃតំបន់គ្រីម៉េ ក៏ដូចជាឧទ្ធម្ភាគចក្រដែលកំពុងហោះហើរលើសមុទ្រនោះ។
យោធាបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegramថា៖«កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយនឹងអង្គភាពចារកម្មរបស់ក្រសួងការពារជាតិ បានបំផ្លាញនាវាចូលចតដ៏ធំគឺ Tsezar Kunikov ។ វាស្ថិតនៅក្នុងដែនទឹកអ៊ុយក្រែនក្បែរទីក្រុងអាលុបកា (Alupka) នៅពេលមានការប៉ះទង្គិចគ្នា។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី ដែលបាននិយាយមុននេះថា ខ្លួនបានបំផ្លាញយានដ្រូនចំនួន៦ គ្រឿងនៅក្នុងសមុទ្រខ្មៅនោះទេ។
ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បាននិយាយថា នាវាចម្បាំងរុស្ស៊ី ត្រូវបានវាយប្រហារដោយយានដ្រូន របស់កងទ័ពជើងទឹក ។