
តួលេខក្រៅផ្លូវការ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិ លោកប្រាបូវ៉ូ ស៊ូបៀនតូ(Prabowo Subianto) ទទួលបានការនាំមុខគេពិតប្រាកដ នៅថ្ងៃពុធនេះដោយទទួលបាន សំឡេងឆ្នោត ៥៩,៨ភាគរយ ដោយផ្អែកលើ សន្លឹកឆ្នោត២៣,៣ភាគរយ ដែលត្រូវបានរាប់ក្នុងគំរូមួយនៃ ការបោះឆ្នោតនៅទូទាំងប្រទេស។ យោងតាមទីភ្នាក់ងារស្ទង់មតិឯករាជ្យ អ៊ីនឌីកាទ័រ ប៉ូលីទីក(Indikator Politik) ស្ថិតក្នុងចំណោមទីភ្នាក់ងារឯកជនជាច្រើន ដែលរាប់សន្លឹកឆ្នោតរហ័ស នៅពេលបិទការបោះឆ្នោត បានឲ្យដឹងថា គូប្រជែង គឺលោកអានី បាស្វេដាន( Anies Baswedan) និងលោក ហ្គានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបានសំឡេង២៣,៥ភាគរយ និង១៦,៧ភាគរយ រៀងៗខ្លួន។
ការរាប់សន្លឹកឆ្នោតដោយទីភ្នាក់ងារស្ទង់មតិដ៏ល្បីឈ្មោះ បានបង្ហាញថាមានភាពត្រឹមត្រូវក្នុងការបោះឆ្នោតជាងកាលពីពេលមុនៗ។ លទ្ធផលផ្លូវការ មិនត្រូវបានគេរំពឹងទុករហូតដល់ច្រើនសប្តាហ៍ បន្ទាប់ពីការបោះឆ្នោត។ ការប្រកួតប្រជែងនេះ បានតម្រូវឲ្យអតីតអភិបាលខេត្តដ៏មានប្រជាប្រីយភាព លោក Ganjar និងលោក Anies ទល់នឹងបេក្ខជនឈានមុខគេមុនបោះឆ្នោត គឺលោក Prabowo ជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលគេបារម្ភក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ថាជាឧត្តមសេនីយ៍ជាន់ខ្ពស់របស់បុរសខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី លោក ស៊ូ ហាតូ(Suharto) ។
ការបោះឆ្នោតតែមួយថ្ងៃធំបំផុតរបស់ពិភពលោក រួមមានបេក្ខជនជិត ២៥៩.០០០នាក់ ដែលកំពុងប្រកួតប្រជែងដណ្តើមតំណែងចំនួន ២០.៦០០តំណែង នៅទូទាំងប្រជុំកោះចំនួន ១៧.០០០ កោះ ប៉ុន្តែការផ្តោតសំខាន់ខ្លាំងគឺទៅលើការប្រកួតប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតី លោក Joko Widodo ដែលឥទ្ធិពល អាចកំណត់ថា តើនរណាជាអ្នកកាន់តំណែងដឹកនាំប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី៣ របស់ពិភពលោកមួយនេះ។