
បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo Subianto បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ ដែលអាចឲ្យលោកមានជ័យជម្នះដោយសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោត នាថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) ត្រឹមមួយជុំ។ នេះបើយោងតាមការរាប់សន្លឹកឆ្នោតភា្លមៗ ដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យជាច្រើន ដោយអ្នកខ្លះបង្ហាញថា លោកទទួលបានសំឡេងគាំទ្រប្រហែល ៦០ភាគរយ។
ការរាប់ភ្លាមៗរបស់វិទ្យាស្ថានស្រាវជ្រាវ Indikator Politik ពីគំរូតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបង្ហាញថា លោក Prabowo ទទួលបានសំឡេងគាំទ្រ ៥៩,៨ភាគរយ ដោយផ្អែកលើសន្លឹកឆ្នោតចំនួន ២៣,៣ភាគរយ។ ហើយបើយោងតាម Indikator Politik ដដែល បានឲ្យដឹងទៀតថា គូប្រជែងរបស់លោក គឺលោក Anies Baswedan និងលោក Ganjar Pranowo មានសន្លឹកឆ្នោតគាំទ្រ ២៣,៥១ភាគរយ និង ១៦,៧២ភាគរយ តាមលំដាប់លំដោយ។
បើផ្អែកលើលទ្ធផលនៃការរាប់ភ្លាមៗពី Kompas ដែលជាទីភ្នាក់ងារស្ទង់មតិការបោះឆ្នោតដ៏ល្បីបំផុតមួយដែរ នៅប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា លោក Prabowo នាំមុខបេក្ខជនផ្សេងទៀត ដោយទទួលបានសំឡេងគាំទ្រ ៥៩,៧៧ភាគរយ តាមពីក្រោយដោយលោក Anies មាន ២៣,១១ភាគរយ និងលោក Ganjar ១៧,១២ភាគរយ។ តែបើយោងតាមវិទ្យាស្ថាន Charta Politika លោក Prabowo មានសំឡេងឆ្នោត ៥៦,៦៥ភាគរយ ខណៈលោក Anies ទទួលបាន ២៦,៣៩ភាគរយ ហើយលោក Ganjar មាន ១៦,៩៤ភាគរយ។
អង្គការឯកជននានាកំពុងធ្វើតារាង «ការរាប់សន្លឹកឆ្នោតភ្លាមៗ» បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទ។ សារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងការបោះឆ្នោតមុនៗ ការរាប់សន្លឹកឆ្នោតពីស្ថាប័នល្បីៗ បានបង្ហាញឲ្យឃើញពីភាពត្រឹមត្រូវ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិរបស់ខ្លួន នៅថ្ងៃពុធ (ទី១៤ ខែកុម្ភៈ)នេះ ដោយមនុស្ស ២០៤,៨លាននាក់មានសិទ្ធិបោះឆ្នោត៕