
ប្រទេសនៅអឺរ៉ុបមួយចំនួន បាននិយាយថា ពួកគេបានផ្អាកការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិធី ដែលខ្លួនកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ខណៈដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៩៥ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងជំនួយសន្តិសុខបន្ថែមទៀតសម្រាប់អ៊ីស្រាអែល។
តុលាការនៅប្រទេសហូឡង់កាលពីថ្ងៃចន្ទ បានប្រាប់រដ្ឋាភិបាលហូឡង់ថា ខ្លួនត្រូវតែបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពី«ហានិភ័យច្បាស់លាស់» ដែលកងនាវារបស់អ៊ីស្រាអែល ត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តល្មើសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ក្រុមសិទ្ធិមនុស្សចំនួនបី រួមទាំងអង្គការ Oxfam បាននាំយកសំណុំរឿងទៅកាន់សាលាឧទ្ធរណ៍ទីក្រុងឡាអេ ដោយស្វែងរកការលុបចោលសេចក្តីសម្រេចរបស់តុលាការមុន ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលហូឡង់បន្តការនាំចេញគ្រឿងបន្លាស់ F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃចន្ទ តុលាការ បានបញ្ជាឲ្យរដ្ឋាភិបាលបញ្ឈប់ការនាំចេញបែបនេះក្នុងរយៈពេល៧ថ្ងៃ។
សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីតាលី និងអេស្ប៉ាញ បាននិយាយនាពេលថ្មីៗនេះថា ប្រទេសរបស់ពួកគេ បានបញ្ឈប់ការលក់សព្វាវុធទាំងអស់ទៅឲ្យអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមនៅតំបន់ហ្កាហ្សាជាង ៤ ខែមុន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល។ រដ្ឋាភិបាលក្នុងតំបន់មួយក្នុងប្រទេសបែលហ្ស៊ិក ក៏បាននិយាយផងដែរថា ខ្លួនបានផ្អាកអាជ្ញាប័ណ្ណចំនួនពីរសម្រាប់ការនាំចេញគ្រាប់រំសេវទៅកាន់ប្រទេសអ៊ីស្រាអែល។
ការព្រួយបារម្ភជុំវិញការបន្តការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែលកើតឡើង បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែមុន បានបញ្ជាឲ្យអ៊ីស្រាអែល «ចាត់វិធានការទាំងអស់» ដើម្បីអនុវត្តតាមច្បាប់អន្តរជាតិស្តីពីអំពើប្រល័យពូជសាសន៍។ អ៊ីស្រាអែល បានច្រានចោលយ៉ាងខ្លាំងនូវការចោទប្រកាន់នៅក្នុងសំណុំរឿងប្រល័យពូជសាសន៍ ប៉ុន្តែសេចក្តីសម្រេចរបស់ ICJ បានបន្ថែមសម្ពាធក្នុងស្រុកលើសម្ព័ន្ធមិត្តជាច្រើនរបស់អ៊ីស្រាអែល ឲ្យរិះគន់កាន់តែខ្លាំងឡើងអំពីស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា និងទាមទារបទឈប់បាញ់។