
នៅថ្ងៃពុធនេះ វិមានក្រឹមឡាំង បានច្រានចោលសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្នើសុំបទឈប់បាញ់នៅអ៊ុយក្រែន ដល់សហរដ្ឋអាមេរិក តាមរយៈអន្តរការី ។
នៅពេលសួរថាតើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រុស្ស៊ីបានដាក់សំណើរសន្តិភាពគឺជាការពិតឬ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា គ្មានទេ វាមិនមែនជាការពិតនោះទេ ។
ប្រភពព័ត៌មានរុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជូនសញ្ញាជាឯកជន និងជាសាធារណៈដល់ទីក្រុងវ៉ាស៊ីងតោនកាលពីឆ្នាំ ២០២៣ តាមរយៈអន្តរការី រួមទាំងតាមរយៈដៃគូអារ៉ាប់របស់ទីក្រុងម៉ូស្គូនៅតំបន់មជ្ឈិមបូព៌ាថា លោកបានត្រៀមខ្លួនរួចរាល់ក្នុងការពិចារណាលើបទឈប់បាញ់នៅអ៊ុយក្រែន ។
យោងតាមប្រភពចំនួន ៣ ពីរុស្ស៊ី បានឲ្យដឹងថា ក្រុមអន្តរការី បានជួបជុំគ្នានៅប្រទេសទួរគីកាលពីចុងឆ្នាំ ២០២៣ ហើយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានទូរស័ព្ទទៅកាន់ទីប្រឹក្សាគោលនយោបាយបរទេសរបស់លោក Putin គឺលោក Yuri Ushakov កាលពីខែមករា ៕