បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកប្រាបូវ៉ូ ស៊ីបៀនតូ(Prabowo Subianto)បានសន្យាថានឹងដឹកនាំ គាំពារ និងការពារប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ខណៈរូបលោកបានទទួលជ័យជម្នះប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទកាលពីថ្ងៃពុធ ១៤ កុម្ភៈ ទន្ទឹមនឹងការរាប់សន្លឹកឆ្នោតឯករាជ្យយ៉ាងឆាប់រហ័សបង្ហាញថាលោកបានឈ្នះសំឡេងគាំទ្រជិត៦០ភាគរយនៃសន្លឹកឆ្នោត។

ដោយកំពុងឈរនៅក្បែរមិត្តរួមតំណែងអនុប្រធានាធិបតីរបស់លោកគឺលោកជីប្រានរ៉ាកាម៊ូមីងរ៉ាកា (Gibran Rakabuming Raka ដែលជាកូនប្រុសរបស់ប្រធានាធិបតីកំពុងកាន់អំណាចលោកចូកូវីដូដូ (Joko Widodo)លោកPrabowo បាននិយាយថា ប្រទេសនេះត្រូវតែរួបរួមគ្នាម្តងទៀតនៅពេលដែល យុទ្ធនាការបានបញ្ចប់ ហើយថា ជ័យជម្នះនេះគឺសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។

លោកបានប្រកាសថា យើងនឹងធ្វើជាប្រធានាធិបតី និងជាអនុប្រធានសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ខណៈកំពុងថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់នៅឯទីលានកីឡាដ៏ធំ។
លោកនិយាយថាខ្ញុំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា យើងនឹងដឹកនាំ គាំពារ និងការពារប្រជាជនឥណ្ឌូនេស៊ីទាំងអស់ មិនថាពូជសាសន៍ ជាតិសាសន៍ សាសនា សាវតាសង្គមបែបណាក៏ដោយ។ ប្រជាជនឥណ្ឌូនេស៊ីទាំងអស់នឹងស្ថិតក្រោមការទទួលខុសត្រូវរបស់យើង ដើម្បីការពារផលប្រយោជន៍របស់ពួកគេ។
យើងនឹងកសាងរដ្ឋាភិបាលមួយដែលមានប្រជាជនល្អបំផុតរបស់ឥណ្ឌូនេស៊ី៕
