នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ថាអ៊ីស្រាអែល នឹងបន្តការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅក្រុងរ៉ាហ្វា (Rafah) ដែលជាជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងហ្កាហ្សា បន្ទាប់ពីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់នោះ។

មេដឹកនាំអ៊ីស្រាអែល ដែលកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងក្នុងការផ្អាកការវាយប្រហារដែលបានគ្រោងទុក និងការអំពាវនាវជាសកលឱ្យមានការអត់ធ្មត់រូបនេះ មិនបានចង្អុលបង្ហាញថាតើនៅពេលណាដែលការវាយលុកអាចនឹងកើតឡើង ឬកន្លែងណា ដែលមនុស្សរាប់សែននាក់កំពុងស្នាក់នៅក្នុងក្រុងរ៉ាហ្វា អាចទៅបាននោះទេ។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគែរ ស្តីពីលទ្ធភាពបទឈប់បាញ់ និងការប្រគល់ចំណាប់ថ្នូរដែលកាន់កាប់ដោយក្រុមហាម៉ាស បានបញ្ចប់ដោយមិនមានការសន្និដ្ឋានសរុប ដែលនោះបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនភៀសខ្លួនប៉ាឡេស្ទីនថា អ៊ីស្រាអែលនឹងវាយលុកក្រុងរ៉ាហ្វា ដែលនៅជាប់នឹងអេហ្ស៊ីប ក្នុងពេលឆាប់ៗ។

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនចង់បណ្តេញពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីកន្លែងលាក់ខ្លួនក្នុងទីក្រុងរ៉ាហ្វា និងដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅទីនោះបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការដែលបានស្នើឡើងដើម្បីជម្លៀសជនស៊ីវិលនោះទេ៕