ភ្នំពេញ ៖ ខណៈកម្មករប្រមូលសំរាមនៅបន្តធ្វើកូដកម្មផ្អាកប្រមូលសំរាមក្នុងទីក្រុងភ្នំពេញអស់ជាច្រើនថ្ងៃហើយនោះ អាជ្ញាធរខណ្ឌ៧មករា នៅតែបន្តសកម្មភាពប្រមូលសំរាមជំនួសកម្មករទាំងនេះ ក្នុងបំណងធ្វើអោយទីក្រុងមានសោភ័ណភាពស្រស់ ស្អាត។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី១០ ខែតុលានេះលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា ខណៈកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ធ្វើកូដកម្មផ្អាកប្រមូលសំរាមក្នុងទីក្រុងភ្នំពេញ អស់ជាច្រើនថ្ងៃហើយនោះ អាជ្ញាធរខណ្ឌ៧មករា នៅតែបន្តសកម្មភាពប្រមូលសំរាមជំនួសកម្មករទាំងនេះ ក្នុងបំណងធ្វើអោយទីក្រុងមានសោភ័ណភាពស្រស់ស្អាត និងមិនមានការរំខាន់ដល់ប្រជាពលរដ្ឋរស់នៅ។លោក ថា គិតមកដល់ពេលនេះ សំរាមដែលកកស្ទុះនៅក្នុងខណ្ឌគឺអាជ្ញាធរបានដោះស្រាយរួចរាល់ហើយ ក្នុងការប្រមូលសំរាមយកទៅចាក់ចោល និងសល់សំរាមដែលប្រជាពលរដ្ឋយកមកដាក់ថ្មីប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅខណ្ឌ៧មករា បានលើកឡើងដែរថា បន្ទាប់ពីកម្មករក្រុមហ៊ុនស៊ិនទ្រី ផ្អាកប្រមូលសំរាមក្នុងទីក្រុង បានធ្វើអោយសំរាមកកស្ទុះជាច្រើនកន្លែងមានក្លិនស្អុយ ពិបាករស់នៅ ប៉ុន្តែនៅពេលអាជ្ញាធរខណ្ឌដើរប្រមូលបែបនេះ មានភាពល្អជាងមុន។ លើសពីនេះ ពួកគាត់បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងកម្មករស៊ិនទ្រី ឆាប់ត្រូវរ៉ូវគ្នាវិញ ដើម្បីឲ្យការប្រមូលសំរាមដំណើរការជាធម្មតាវិញ។
មុននិងមានដំណោះស្រាយរួមជាមួយកម្មករប្រមូលសំរាម ខណៈនេះរដ្ឋបាលរាជធានីបានកំពុងដោះស្រាយបញ្ហាសំរាម ដោយបានដាក់ចេញវិធានការសំខាន់ៗដូចជា ៖ សម្របសម្រួលជាមួយអ្នកកំពុងធ្វើកូដកម្ម ចុះអន្តរាគមន៍បឋមប្រើយន្តការកម្លាំងប្រជាការពារសង្កាត់ ខណ្ឌ ប្រមូលសំរាមសិន បន្ថែមមធ្យោបាយបច្ចុប្បន្ន ដែលមានឡាន ៧០គ្រឿង និងកំពុងបន្ថែមទៀត ព្រមទាំងរៀបចំយន្តការដោះស្រាយយូរអង្វែង គឺជ្រើសរើសក្រុមហ៊ុន ៣ ធ្វើប្រតិបត្តិការ ៣តំបន់ផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញ៕
អត្ថបទ៖ទូច សោភ័ណ



