ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានអំពាវនាវឲ្យក្រុមហាម៉ាស យល់ព្រមទៅលើកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយរដ្ឋាភិបាលអ៊ីស្រាអែលយ៉ាងឆាប់រហ័ស ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វា (Rafah) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនWafa។

លោកអាបាស ប្រធានអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ប៉ាឡេស្ទីននៃតំបន់វេសបែង (West Bank) បាននិយាយថា ការវាយប្រហារលើទីក្រុងរ៉ាហ្វា នឹងនាំឲ្យជនរងគ្រោះរាប់ពាន់នាក់រងទុក្ខវេទនា និងការផ្លាស់ទីលំនៅ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែលរៀបចំការវាយលុកនៅក្នុងទីក្រុងរ៉ាហ្វា។ គោលបំណងរបស់អ៊ីស្រាអែល គឺដើម្បីលុបបំបាត់អង្គភាពប្រយុទ្ធចុងក្រោយរបស់ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយលុកណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដែលមានទីតាំងនៅភាគខាងត្បូងនៃ តំបន់ហ្កាហ្សាស្ទ្រីប នៅតាមព្រំដែនអេហ្ស៊ីប ត្រូវបានគេចាត់ទុកថា ជាបញ្ហាដ៏ខ្លាំងក្លា ដោយសារមនុស្សជាច្រើនប្រមូលផ្តុំនៅទីនោះ ដោយផ្តល់ជម្រកដលមនុស្សប្រហែល ៣០០.០០០ នាក់ នៅមុនសង្រ្គាម ហើយឥឡូវនេះ ១,៣ លាននាក់បានប្រមូលផ្តុំគ្នាទៅកាន់ទីក្រុងនេះ តាមការណែនាំរបស់យោធាអ៊ីស្រា អែល ដើម្បីគេចចេញពីការវាយប្រហារនៅតំបន់សេសសល់នៃតំបន់ហ្កាហ្សាស្ទ្រីប។
មេដឹកនាំរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock សុទ្ធតែបានជំរុញអ៊ីស្រាអែលប្រឆាំងនឹងសកម្មភាពយោធា នៅក្នុងទីក្រុងនេះ។