ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុង ខ្វេតា (Quetta) ដែលជារដ្ឋធានីរបស់ខេត្តបាលូជីស្ថាន (Balochistan) ដោយអង្គុយកាលពីថ្ងៃពុធ ថ្ងៃទី១៤ ខែកុម្ភៈ ជាការបន្ថែមទៅលើបាតុកម្មនានា នៅសប្តាហ៍នេះ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

ក្រុមកម្មករ និងអ្នកគាំទ្រគណបក្សនយោបាយផ្សេងៗ បានបិទផ្លូវហាយវ៉េសំខាន់ៗទាំងអស់ដែលតភ្ជាប់ខេត្តបាលូជីស្ថានជាមួយខេត្តផ្សេងទៀត ដើម្បីតវ៉ាជុំវិញអ្វីដែលពួកគេនិយាយថា ជាការលួចបន្លំសន្លឹកឆ្នោត។
សមាជិកមួយចំនួននៃគណបក្សជាតិនិយម ដូចជាគណបក្ស បាលូច(Baloch)គណបក្សផាសទុន( Pashtun) និង គណបក្ស ហាហ្សារ៉ា (Hazara)របស់ខេត្តនេះ បានតវ៉ានៅមុខការិយាល័យរៀបចំការបោះឆ្នោតស្រុក។

កាលពីថ្ងៃអង្គារទី១៣ កុម្ភៈ ហាងលក់ទំនិញ និងសេវាដឹកជញ្ជូនសាធារណៈនានាក្នុងក្រុងខ្វេតា ត្រូវបានបិទ ខណៈគណបក្សនយោបាយក្នុងស្រុកអំពាវនាវឲ្យបិទទីក្រុង។
ប្រទេសប៉ាគីស្ថានបានបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ខេត្តកាលពីថ្ងៃទី ៨ខែកុម្ភៈ ប៉ុន្តែការបោះឆ្នោតត្រូវបានរំខានដោយការចោទប្រកាន់ថាមានករណីលួចបន្លំក្នុងបំណងកម្ចាត់បេក្ខជនឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។
រដ្ឋាភិបាលចាំផ្ទះ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថា ប្រទេសនេះមានច្បាប់ និងប្រព័ន្ធដើម្បីស៊ើបអង្កេតបន្ដឹងជាក់លាក់៕