មនុស្សម្នាក់បានស្លាប់ និងជាង ២០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីត្រូវបានបាញ់ប្រហារ កាលពីថ្ងៃពុធ អំឡុងពេលព្យុហយាត្រាប្រារព្ធពិធីជ័យជម្នះកីឡា Super Bowl របស់ក្រុម Kansas City Chiefs។

ស្នងការនគរបាលទីក្រុង Kansas លោកស្រី ស្តាសី ហ្គ្រេវ (Stacey Graves) បានប្រាប់អ្នកសារព័ត៌មានថា នគរបាលនៅតែធ្វើការដើម្បីកំណត់ចំនួនជនរងគ្រោះសរុប ប៉ុន្តែ ចំនួនអ្នករបួសដោយគ្រាប់កាំភ្លើង សរុបបានកើនឡើងដល់២២ នាក់។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅខាងក្រៅស្ថានីយ៍សហជីពទីក្រុង Kansas។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ មន្ត្រីអនុវត្តច្បាប់ បាននិយាយថា មនុស្សបីនាក់ត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតដែលជាប់ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារនេះ ហើយមូលហេតុនៃការបាញ់ប្រហារនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ។ ក្រុម Kansas City Chiefs បានទទួលពានរង្វាន់កីឡា Super Bowl កាលពីចុងសប្តាហ៍ ហើយអ្នកគាំទ្រប្រមាណ ១ លាននាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុង Kansas កាលពីថ្ងៃពុធដើម្បីអបអរ។
យោងតាមបណ្ណសារអំពើហឹង្សាដោយអាវុធ បានឲ្យដឹងថា ការបាញ់ប្រហារកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាការបាញ់ប្រហារទ្រង់ទ្រាយធំលើកទី ៤៨ នៅសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ។
ទន្ទឹមនឹងនេះ សាលារៀនសាធារណៈទីក្រុងអាត្លង់តា(Atlanta) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា សិស្សវិទ្យាល័យ Atlanta ចំនួនបួននាក់ ត្រូវបានបាញ់ប្រហារ កាលពីថ្ងៃពុធ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់រះចេញពីក្នុងរថយន្តមួយគ្រឿង ចូលទៅកន្លែងចំណតរថយន្តនៅវិទ្យាល័យ បេនចាមីន អ៊ូម៉េ (Benjamin E. Mays) ភ្លាមៗបន្ទាប់ពីសាលាអនុញ្ញាតឲ្យសិស្សចេញ។
សេចក្តីថ្លែងការណ៍បាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរបួសពុំគំរាមកំហែងដល់អាយុជីវិតនោះទេ ហើយក្រោយមកសកម្មភាពទាំងអស់នៅសាលារៀន ត្រូវបានលុបចោល។ នគរបាល និយាយថា ស្ត្រីម្នាក់ ត្រូវបានឃុំខ្លួន ក្នុងការជាប់ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុនេះ។