អ្នកតំណាងសម្ព័ន្ធអារ៉ាប់ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ កាលពីថ្ងៃពុធ ជុំវិញប្រតិបត្តិការយោធាតាមផែនការរបស់អ៊ីស្រាអែល នៅទីក្រុង រ៉ាហ្វា (Rafah)។

និយាយទៅកាន់អ្នកសារព័ត៌មាន នៅអង្គការសហប្រជាជាតិ អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិរបស់សម្ព័ន្ធអារ៉ាប់សម្រាប់ខែកុម្ភៈ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសទុយនីស៊ី លោក តារ៉េក ឡាដេប(Tarek Ladeb) បានបញ្ជាក់ជាថ្មីនូវការទាមទារចំនួនបីរបស់ក្រុមនេះមាន «បទឈប់បាញ់បន្ទាន់ ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងការការពារផែនការផ្ទេរប្រជាជនប៉ាឡេស្ទីន ពីទឹកដីរបស់ពួកគេ។

សម្ព័ន្ធអារ៉ាប់ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានចំណាត់ការ និងអនុម័តសេចក្តីសម្រេចបទឈប់បាញ់មនុស្សធម៌។ លោក Tarek Ladeb បាននិយាយថា យើងមិនអាចទទួលយកបាននោះទេដែលថា ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ រក្សាភាពអសកម្មចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងបន្តការវាយលុកប្រឆាំងក្រុមហាម៉ាសនៅទីក្រុង Rafah ជាទីជ្រកកោនចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីបានអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់។
មេដឹកនាំប្រទេសអ៊ីស្រាអែល ដែលកំពុងស្ថិតក្រោមសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីទប់ស្កាត់ការវាយប្រហារតាមផែនការនោះ ពុំបានចង្អុលបង្ហាញថា តើនៅពេលណាដែលការវាយលុកអាចនឹងកើតឡើង ឬកន្លែងណាដែលមនុស្សរាប់សែននាក់នៅពេលនេះដែលបានសម្រុកចូលមកក្នុងទីក្រុងរ៉ាហ្វា ត្រូវទៅទីកន្លែងណា។