កងកម្លាំងសន្តិសុខប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមកសិករដែលកំពុងតវ៉ា នៅថ្ងៃទីពីរ ដើម្បីបញ្ឈប់មនុស្សរាប់ម៉ឺននាក់ ពីការដើរក្បួនបាតុកម្មទៅកាន់រដ្ឋធានី ញូវ ដេលី ដើម្បីទាមទារតម្លៃកាន់តែខ្ពស់សម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។

កងកម្លាំងសន្តិសុខ បានបញ្ឈប់កសិករនៅព្រំដែន សាមប៊ូ (Shambhu) បែងចែក រដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ជារដ្ឋនៅភាគខាងជើង ដែលកសិករភាគច្រើនរស់នៅទីនោះ មានចម្ងាយជិត ២០០គីឡូម៉ែត្រ ពីគោលដៅរបស់ពួកគេ។

អគ្គនាយកនគរបាល រដ្ឋ Haryana លោកស្សាទ្រូ កាពួ (Shatrujeet Kapur) បាននិយាយថា ក្រុមបាតុករ បានគប់ដុំថ្ម និងព្យាយាមទម្លាយរបាំងការពារ ហើយកងកម្លាំងសន្តិសុខ ក៏បានប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់ធុងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកសិករ ក្នុងការឆ្លើយតប ខណៈកសិករបានបង្ហោះខ្លែងឡើងទៅលើអាកាសក្នុងក្តីសង្ឃឹមថា នឹងធ្វើឲ្យជាប់គាំងម៉ាស៊ីនយានដ្រូន។
ដោយធ្វើដំណើរនៅលើរថយន្តដឹកទំនិញ និងរម៉កអូស ដែលផ្ទុកដោយអាហារ សម្ភារៈសម្រាប់ដេក និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត កសិករបានចាប់ផ្តើមដង្ហែក្បួនបាតុកម្ម «តោះយើងទៅទីក្រុងដេលី» បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ពុំបានផ្តល់ការប្តេជ្ញាចិត្តលើតម្លៃអប្បបរមាសម្រាប់ ផលដំណាំពួកគេជាបន្តបន្ទាប់។
សហជីពរបស់កសិករជាច្រើន បាននិយាយថា ពួកគេនឹងតវ៉ាប្រឆាំងសកម្មភាពរបស់នគរបាលដោយការបិទចរាចរណ៍ផ្លូវរថភ្លើងនៅកន្លែងជាច្រើន ក្នុងរដ្ឋ Punjab រយៈពេល ៤ ម៉ោង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈនេះ។