ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានត្រួតពិនិត្យការសាកល្បងមីស៊ីលពីដីទៅផ្ទៃទឹកថ្មីមួយកាលពីថ្ងៃពុធ ហើយបានទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវដ៏ធំមួយ ជាទីដែលលោកបានអំពាវនាវឱ្យជំរុញការផលិតអាវុធ។

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ដែលជាការបាញ់បង្ហោះចុងក្រោយបំផុតនៃការធ្វើតេស្តបែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មុនពេលការបោះឆ្នោតសកលខែមេសា នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា លោក គីម បានផ្តល់បញ្ជាឱ្យពង្រឹងការត្រៀមលក្ខណៈយោធានៅក្នុងដែនទឹកភាគខាងជើងនៃកោះ យ៉ុនព្យុង (Yeonpyeong) និងនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ នៅក្នុងតំបន់នៃខ្សែបន្ទាត់កំណត់ភាគខាងជើង (NLL)។ ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្ថែមថា មីស៊ីលថ្មីនេះមានឈ្មោះថា «ផាដាស៊ុរី-៦» (Padasuri-6) ឬ «ឥន្ទ្រីសមុទ្រ-៦» (Sea Eagle-6) បានហោះពីលើសមុទ្រ ហើយបានបាញ់ដល់គោលដៅដែលចង់បាន។

ប្រព័ន្ធផ្សព្វផ្សាយនេះបន្តថា លោក គីម ក៏បានត្រួតពិនិត្យរោងចក្រគ្រាប់រំសេវ «ដ៏ធំ» និងបានសិក្សាលម្អិតអំពីទំនើបកម្មនៃការផលិត។ ដំណើរចុះពិនិត្យរបស់លោក គីម ទៅកាន់រោងចក្រផលិតគ្រាប់រំសេវនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចោទកូរ៉េខាងជើង ថាបានធ្វើពាណិជ្ជកម្មអាវុធជាមួយរុស្ស៊ី៕