អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៤ គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងរបស់ចិន កាលពីថ្ងៃពុធ (១៤ កុម្ភៈ)។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះជាទៀងទាត់បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ដែនអាកាស និងដែនទឹកជុំវិញកោះនេះ ខណៈខ្លួនព្យាយាមអះអាងអធិបតេយ្យភាព ដែលរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។

អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ផ្តើមនៅម៉ោងប្រហែល ១ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ខ្លួនបានរកឃើញយន្តហោះចិនចំនួន ១៤ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងយានដ្រូនដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងភាគនិរតីនៃកោះតៃវ៉ាន់។ យន្តហោះចំនួន ៩ គ្រឿងក្នុងចំនោមយន្តហោះទាំងនោះបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ក្បែរនោះ។
ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រនេះធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិនតែងតែហោះហើរពីលើនោះជាទៀងទាត់ ហើយចិននិយាយថាខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់មេដ្យាននេះទេ៕