អង្គការសហប្រជាជាតិ (UN) បារម្ភថាការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការចាត់តាំងក្រុមឧទ្ទាម ហ៊ូទី (Houthi) របស់យេម៉ែន ទៅក្នុងបញ្ជីក្រុមភេរវករវិញ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ ជាពិសេសការនាំចូលទំនិញសំខាន់ៗជាលក្ខណៈពាណិជ្ជកម្ម នេះបើតាមមន្ត្រីជំនួយជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ)។

ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីខែមុននេះ ចូលជាធរមាននៅថ្ងៃសុក្រ (១៦ កុម្ភៈ) ស្អែកនេះ ហើយនិងវាយលុកក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មដ៏តឹងរ៉ឹង ដែលមានបំណងកាត់ផ្តាច់មូលនិធិ និងសព្វាវុធដែលពួកហ៊ូទី បានប្រើក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់ពួកគេលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់។

នាយកប្រតិបត្តិការជំនួយរបស់អង្គការសហប្រជាជាតិ លោកស្រី អេឌែម វ៉ូស័រនុ (Edem Wosornu) បាននិយាយថា ខណៈពេលដែលសហគមន៍មនុស្សធម៌មានការព្រួយបារម្ភអំពី «ផលប៉ះពាល់ដែលអាចកើតមាន» ទីក្រុងវ៉ាស៊ីនតោនបានចេញការលើកលែងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងប្រទេសយេម៉ែន ដែលអង្គការសហប្រជាជាតិនិយាយថាមនុស្សជាង ១៨ លាននាក់ត្រូវការជំនួយ៕
