មន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់មួយរូបបាននិយាយថា ហ្វីលីពីនបានបញ្ជូននាវាចម្បាំងចេញពីដែនទឹកនៃកោះ ប៉ាឡាវ៉ាន់ (Palawan) ដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ដើម្បី «ការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន» ក្នុងជំហានមួយដែលអាចធ្វើអោយចិនខឹងសម្បារ។

ស្របពេលមានភាពតានតឹងនៅក្នុងដែនទឹកដែលមានជម្លោះ លោកមេបញ្ជាការ អេដវើត អ៊ីខេ ដឺ សាហ្គន (Edward Ike De Sagon) បាននិយាយថា វត្តមានរបស់នាវានេះនៅកោះ ប៉ាឡាវ៉ាន់ «នឹងបម្រើជាការរំលឹកដល់អស់អ្នកដែលហ៊ានជំទាស់នឹងអធិបតេយ្យភាពរបស់យើង ថាយើងត្រៀមខ្លួនរួចជាស្រេច និងមានការប្រុងប្រយ័ត្នជានិច្ច»។

លោក ដឺ សាហ្គន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ប៉ុន្តែបានផ្ញើកាលពីថ្ងៃពុធថា «នេះក៏នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារដែនសមុទ្រ និងផលប្រយោជន៍ដែនទឹកភាគខាងលិចរបស់ប្រទេសផងដែរ»។

ការបញ្ជូននាវាល្បាត ប៊ីអាភី អេមមីលីអូ ហាស៊ីនតូ (BRP Emilio Jacinto) ឬហៅថា ភីអេស-៣៥ (PS35) បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចក្នុងដែនទឹកដីនេះ៕