ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters)កាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានប្រាប់សភា និងសម្ព័ន្ធមិត្តនៅអឺរ៉ុបអំពីរបាយការណ៍ចារកម្មថ្មីៗទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ដែលអាចបង្កការគំរាមកំហែងជាអន្តរជាតិ ។

ប្រភពបានដដែលនិយាយថា សមត្ថភាពថ្មីដែលទាក់ទងនឹងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមានមូលដ្ឋានលើលំហអាកាស មិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកនោះទេ។

របាយការណ៍ចារកម្ម ត្រូវបានបញ្ចេញ បន្ទាប់ពីអ្នកតំណាងលោកម៉ៃធូន័រ(Mike Turner) ប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការចារកម្មសភាសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ខុសពីធម្មតា និងសម្ងាត់មួយកាលពីថ្ងៃពុធ ដោយព្រមានអំពីការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ ។

ប្រភពខាងលើបានបន្តថា ការព្រមាននេះទាក់ទងនឹងសមត្ថភាពរបស់រុស្ស៊ីក្នុងលំហអាកាស និងផ្កាយរណប។ ប្រភពមួយក្នុងចំណោមប្រភពខាងលើបាននិយាយថា បញ្ហានេះគឺធ្ងន់ធ្ងរ ប៉ុន្តែមិនទាក់ទងនឹងសមត្ថភាពសកម្ម ហើយក៏មិនគួរជាមូលហេតុនាំឲ្យយើងភ័យស្លន់ស្លោនោះដែរ។
លោក Turner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយមិនផ្តល់ព័ត៌មានបន្ថែមថា ខ្ញុំកំពុងស្នើសុំឱ្យប្រធានាធិបតីលោក Biden ដកចំណាត់ថ្នាក់ព័ត៌មានទាំងអស់ដែលទាក់ទងនឹងការគំរាមកំហែងនេះ ដូច្នេះសភា រដ្ឋបាល និងសម្ព័ន្ធមិត្តរបស់យើងអាចពិភាក្សាដោយបើកចំហអំពីសកម្មភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ៕