ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២១នេះ ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩ % បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧,២០១៨ និង២០១៩។
ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣ % ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥ លានដុល្លារ មកត្រឹម២០២ លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។
សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ការធ្លាក់ចុះទាំងបរិមាណនិងតម្លៃ គឺដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតឺន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជាធ្លាក់ចុះយ៉ាងគំហុកពីតម្លៃមធ្យមប្រមាណ៩០០ ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ។
សម្រាប់ទីផ្សារដែលកម្ពុជា បាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមានប្រទេសនាំមុខចំនួន៥ រួមមាន ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ២). ប្រទេសបារាំង ១០.៥០% ៣). ប្រទេសហ្កាប៊ុង ៧.៩៣% ៤). ប្រទេស ម៉ាឡេស៊ី ៦.៧៩ និងទី៥). ប្រទេសហូឡង់ ៣.៥៤% ។
ដោយឡែកចំពោះ ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %។
សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤៧ ៤១៩ តោន ដែលមានការកើនឡើង១៤ % បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់៣៣លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់១៥ លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមានកំណើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម១១ ១២៤ តោន៕
អត្ថបទ៖ វណ្ណៈ

