សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះដោយមិននឹកស្មានដល់ ព្រោះសារតែការប្រើប្រាស់ក្នុងស្រុក ថយចុះ ដែលជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ក្នុងឱនភាព និងបណ្តាលឱ្យប្រទេសនេះបាត់បង់តំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោកទៅឱ្យប្រទេសអាល្លឺម៉ង់។

ការិយាល័យខុទ្ទកាល័យបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថាផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះក្នុងល្បឿនប្រចាំឆ្នាំ ០,៤% ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះកាលពីត្រីមាសមុន។ ឱនភាពសេដ្ឋកិច្ច ត្រូវបានកំណត់ជាធម្មតា ថាមានរយៈពេលពីរត្រីមាសជាប់គ្នានៃការធ្លាក់ចុះសេដ្ឋកិច្ច។ ទិន្នន័យនេះបញ្ជាក់ថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនគឺជាប្រទេសធំជាងគេទីបួនរបស់ពិភពលោកបន្ទាប់ពីប្រទេសអាល្លឺម៉ង់ ។

ការប្រើប្រាស់ឯកជន ដែលស្មើនឹងពាក់កណ្តាលនៃសេដ្ឋកិច្ច បានធ្លាក់ចុះ ០,២% ដោយសារអ្នកប្រើប្រាស់ជប៉ុនបានព្យាយាមទប់ទល់ទៅនឹងការហក់ឡើងតម្លៃខ្ពស់សម្រាប់ម្ហូបអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតនៅតាមទីផ្សារ។

លោកNeil Newman អ្នកយុទ្ធសាស្រ្តមួយរូបនៅក្រុមហ៊ុនស្រាវជ្រាវ JAPANMACRO.COM មានមូលដ្ឋាននៅទីក្រុងតូក្យូ បានប្រាប់ទូរទស្សន៍ CNNថា ប្រទេសជប៉ុនបាននាំចូលចំនួន៩៤% នៃតម្រូវការថាមពលមូលដ្ឋានរបស់ខ្លួន និង៦៣% នៃម្ហូបអាហាររបស់ខ្លួន ដូច្នេះប្រាក់យ៉េន ដែលបានធ្លាក់ថ្លៃ បានរួមចំណែកដ៏ធំដល់ជីវភាពនៃការរស់នៅដែលមានការចំណាយកាន់តែខ្ពស់។
លោកបានបន្តថា ចំនួនការប្រើប្រាស់ឯកជនបានធ្លាក់ចុះ ហើយការរំពឹងទុករបស់ទីផ្សារ មានភាពមិនច្បាស់លាស់។ គួរឲ្យសោកស្ដាយ ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅដោយសារតែគ្រោះមហន្តរាយរញ្ជួយដីកាលពីខែមករាកន្លងទៅ ធ្វើឲ្យប្រជាជនបញ្ឈប់ចំណាយ ក្នុងពេលមានគ្រោះធម្មជាតិនោះ ៕