រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោករីយ៉ាដ អាល់ ម៉ាលីគី (Riyad al-Maliki) បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃពុធ ពីការយកចិត្តទុកដាក់តែលើការរស់រានមានជីវិតផ្នែកនយោបាយរបស់ខ្លួន ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហា ហាក់ដូចជាមិនអាចសន្និដ្ឋានបាន។

មនុស្សជាង ២៨.០០០នាក់ ត្រូវបានសម្លាប់ និង ៦៨.000នាក់ទៀត បានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់នេះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏សាហាវរបស់ពួកគេចូលទៅក្នុងអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកគេបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ២៥៣នាក់។

ឥឡូវនេះ ក្តីបារម្ភកំពុងកើនឡើងនៃការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែលប្រឆាំងនឹងទីប្រជុំជនរ៉ាហ្វា ដែលជាជម្រកចុងក្រោយសម្រាប់ជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ដែលជាប់ខ្លួនស្ទើរតែទាំងអស់ បន្ទាប់ពីពួកគេ បានភៀសខ្លួនទៅកាន់ភាគខាងត្បូងនៃដែនដីនេះ ដើម្បីជៀសវាងការវាយប្រហាររបស់អ៊ីស្រាអែល។
លោកម៉ាលីគី ជាសមាជិកនៃអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់វេសបែង បាននិយាយថា វាជាការចាំបាច់ក្នុងការស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការវាយប្រហារលើទីក្រុងរ៉ាហ្វា។
លោក ម៉ាលីគី បាននិយាយបន្ទាប់ពីជួបលោក កុនស្តែនទីណូស កូមបូស (Constantinos Kombos) រដ្ឋមន្ត្រីការបរទេសកោះស៊ីបថា លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា លោកចង់បន្តសង្រ្គាមសម្រាប់អាជីពផ្ទាល់របស់ខ្លួន ដើម្បីអនាគតផ្ទាល់ខ្លួន ហើយវាច្បាស់ណាស់ថា លោកមិនខ្វល់ពីជោគវាសនាជីវិតរបស់ប្រជាជនស្លូតត្រង់ទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងនៅប៉ាឡេស្ទីន រួមទាំងចំណាប់ថ្នូរអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ នៅតំបន់ហ្កាហ្សា»។