អាជ្ញាធរប្រទេសថៃបានព្រមានថា កម្រិតកង្វក់ខ្យល់នៅទីក្រុងបាងកក និងខេត្តជុំវិញនោះបានឈានដល់កម្រិតមិនល្អសម្រាប់សុខភាពនៅថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) នេះដោយបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលក្នុងរដ្ឋធានីធ្វើការពីចំងាយរយៈពេលពីរថ្ងៃបន្ទាប់ និងជំរុញឱ្យអ្នកផ្សេងទៀតធ្វើដូចគ្នានេះ។

កង្វក់ខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃចំហេះដែលទាក់ទងនឹងដំណាំ ការបំពុលឧស្សាហកម្ម និងចរាចរណ៍ដ៏មមាញឹក ហើយអ័ព្ទផ្សែងបានគ្របដណ្តប់លើមេឃនៃទីក្រុងបាងកក។
គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បាននិយាយថា កម្រិតនៃភាគល្អិតនៃខ្យល់អាចដកដង្ហើមបាននៅក្នុងទីក្រុងនេះ គឺខ្ពស់ជាងកម្រិត ដែលបានណែនាំដោយអង្គការសុខភាពពិភពលោក ១៥ ដង ដែលធ្វើឱ្យបាងកក ក្លាយជាទីក្រុងដែលបំពុលបំផុតទី៨ របស់ពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កង្វក់ខ្យល់ដែលបណ្ដាលមកពីចរាចរណ៍ អភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីតធីភុន (Chadchart Sittipunt) បានប្រាប់បុគ្គលិកនៅទីភ្នាក់ងាររបស់រដ្ឋបាលឱ្យធ្វើការពីផ្ទះ ហើយបាននិយាយថាបុគ្គលិកផ្សេងទៀតក៏គួរតែធ្វើដូចគ្នានេះដែរ៕