ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមអោយការបំរើសេវាសុខាភិបាលគ្រប់កម្រិត និងគ្រប់ជំនាញឯកទេសរបស់មនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ - Medical Ethics»។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី យ៉ាងដូច្នេះក្នុងទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៦ និងថែទាំវេជ្ជសាស្រ្តលើកទី១៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ពិនិត្យព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ឯកឧត្តមសាស្រ្តាចារ្យ បន្តថា នេះជាកាតព្វកិច្ចចាំបាច់របស់យើង ជាអ្នកពិនិត្យ ព្យាបាល និងថែទាំជំងឺ ព្រមទាំងពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយអត្រាពិការភាព និងអត្រាមរណៈភាពរបស់អ្នកជំងឺ ជាពិសេសផលប៉ះពាល់ពីជំងឺឆ្លងកាចសាហាវ ជំងឺមិឆ្លងរ៉ាំរ៉ៃ រួមទាំងមហារីក លើសឈាម ទឹកនោមផ្អែម បេះដូង ជំងឺតម្រងនោម ជំងឺសួត ជំងឺភ្នែក និងជំងឺផ្សេងៗទៀត។

ជាមួយគ្នានេះតាងនាមឲ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តាំផ្ញើមតិឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ដូចជាខាងក្រោម៖ ក្នុងដំណាក់កាលបច្ចុប្បន្នដែលកំណើនការមកទទួលសេវានៅអង្គភាពសុខាភិបាលសាធារណៈ ទូទាំងប្រទេសកាន់តែមានសន្ទុះច្រើនគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះសូមអោយការបំរើសេវាសុខាភិបាលគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងស្ថានការណ៍តម្រូវ ដោយឈរលើមូលដ្ឋាន តម្កល់ខ្ពស់ និងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ»។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ចំណុចពិសេសនៃការរៀបចំទិវានេះ មន្ទីរពេទ្យបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដោយគ្របដណ្តប់លើគ្រប់ជំនាញទាំងអស់ ដែលមានប្រធានបទទាំងអស់សរុបចំនួនជាង ៣៨ប្រធានបទ ក្នុងនោះផ្នែកវេជ្ជសាស្ត្រ និងសល្យសាស្ត្រមានចំនួន២៣ប្រធានបទ និងថែទាំមានចំនួន១៥ប្រធានបទ ព្រមទាំងមាន Poster ចំនួន០៧ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍។
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៤៧៤,២០៥ករណី និងសម្រាកព្យាបាលមានចំនួន ៦១,៦៣៦នាក់ សរុបទាំងអស់ចំនួន ៥៣៥,៨៤១ នាក់៕ អត្ថបទ រដ្ឋា



