មេដឹកនាំប្រទេសអេស្បាញ និងអៀរឡង់ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ពិនិត្យឡើងវិញជាបន្ទាន់ ថាតើប្រទេសអ៊ីស្រាអែល កំពុងអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាដែរឬទេ។ នាយករដ្ឋមន្រ្តីអេស្បាញ លោក ផេត្រូ សានឆេស (Pedro Sanchez) និងនាយករដ្ឋមន្ត្រីអៀរឡង់ លោក លីអូ វ៉ារ៉ាដកា(Leo Varadkar) បានធ្វើសំណើនៅក្នុងលិខិតរួមគ្នាមួយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃពុធ។

យោធាអ៊ីស្រាអែល មានផែនការសម្រាប់ការវាយលុកជើងគោកនៅទីក្រុង Rafah នៅចុងភាគខាងត្បូងផុត នៅតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សជាង ១,៤លាននាក់ រួមទាំងអ្នកជម្លៀសខ្លួនពីផ្នែកផ្សេងៗទៀតនៅតំបន់ហ៊ុមព័ទ្ធនោះកំពុងជ្រកកោន។ ក្នុងលិខិតនោះសរសេរថា «ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានពង្រីក នៅក្នុងតំបន់ទីក្រុង Rafah បង្កការគំរាមកំហែងធ្ងន់ធ្ងរ និងជិតមកដល់ ដែលសហគមន៍អន្តរជាតិ ត្រូវតែប្រឈមមុខជាបន្ទាន់។

លិខិត បានលើកឡើងពីការព្រួយបារម្ភខ្លាំង អំពីការរំលោភបំពានដែលអាចកើតមានរបស់អ៊ីស្រាអែល នៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយស្នើឱ្យគណៈកម្មការពិនិត្យមើលការអនុវត្តន៍របស់អ៊ីស្រាអែល ជាមួយកិច្ចព្រមព្រៀងសមាគម អ៊ីស្រាអែល-សហភាពអឺរ៉ុប ដែលមានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស។ លិខិតនោះបាននិយាយបន្ថែមថា ប្រសិនបើអ៊ីស្រាអែល ត្រូវបានរកឃើញថាបានរំលោភលើកិច្ចព្រមព្រៀងនោះ ដូច្នេះក្រុមប្រឹក្សាអឺរ៉ុប គួរតែពិចារណាវិធានការដ៏សមស្រប។
សហភាពអឺរ៉ុប និយាយថាអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ចំណាត់ការនេះ បង្ហាញពីការកើនឡើងនៃការខកចិត្តរបស់អឺរ៉ុប ជុំវិញមហន្តរាយមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្កាហ្សា ជាលើកដំបូងដែលជំរុញឱ្យមានការរំពឹងទុកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទោះបីជាមិនផ្ទាល់ក៏ដោយ។