បាល់ទាត់៖ ក្លិបអេស្ប៉ាញ FC Barcelona នឹងបញ្ចេញកីឡាករពីរនាក់ឱ្យក្លិបផ្សេងខ្ចីរួមមានខ្សែការពារបារាំង Samuel Umtiti និងខ្សែបំរើ Miralem Pjarnic ដើម្បីកាត់បន្ថយចំណាយ។ កីឡាករទាំងពីររូបមិនស្ថិតក្នុងគំរោងរបស់អ្នកចាត់ការបច្ចុប្បន្នលោក Ronald Koeman ឡើយ ពោលគឺកីឡាករទាំងពីរបង្ហាញខ្លួនបានតែ ១៣ប្រកួតដូចគ្នារដូវកាលមុន។

មុននេះដែរ Barcelona ក៏មានគំរោងឱ្យ Umtiti ចាកចេញដោយគ្មានតំលៃផ្ទេរដើម្បីកាត់បន្ថយការចំណាយរបស់ក្លិបដែល Umtiti មានថ្លៃឈ្នួលក្នុងមួយសប្តាហ៍ ២០ម៉ឺនផោន តែក្រោយមកក៏មានការផ្លាស់ប្តូរឱ្យក្លិបផ្សេងខ្ចីវិញ ប្រសិនជាងមិនបានអ្វីសោះ។ Samuel Umtiti បានផ្លាស់មកកាន់ Barcelona កាលពីឆ្នាំ២០១៦ ក្នុងតម្លៃប្រហែល ២៥លានអឺរ៉ូ។ ការមកដល់ដំបូង Umtiti តែងតែជាជំរើសដំបូង និងបានឈ្នះជើងឯក La Liga និង Copa del Rey ក្នុងពីររដូវកាលដំបូងរបស់ខ្លួននៅ Camp Nou ក៏ដូចជាឈ្នះជើងឯកពិភពលោក ២០១៨ នៅរុស្ស៊ីជាមួយក្រុមជំរើសជាតិបារាំង។
ចំណែកកីឡាករវ័យ ៣១ឆ្នាំ Miralem Pjarnic បានមកដល់ Barcelona រដូវកាលមុនក្នុងតំលៃ ៦៧លានដុល្លារតែលេងបានតែ ១៣ប្រកួតក្នុងនោះ ១១នាក់ដំបូងតែ ៦ប្រកួតប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ