ព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ករណី ជនជាតិចិនតៃវ៉ាន់២នាក់ ដែលរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់សន្ដិសុខសង្គម ក្នុងខេត្តព្រះសីហនុ នឹងត្រូវទទួលទោសចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងបានឡើយ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់បែបនេះតាមរយៈសន្និសីទសារព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ដែលត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
យោងតាមហ្វេសប៊ុករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងនាមអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។
ករណីនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ខាងលើកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិត Video Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕









